Feature

ម៉ិកស៊ិក ប្ដេជ្ញាបន្តផ្តល់ជំនួយដល់ប្រទេសគុយបា ទោះបីជាមានការបិទផ្លូវពីសហរដ្ឋអាមេរិក

ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលោកស្រី ក្នុងការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់ប្រទេសគុយបា ដោយថាប្រទេសកោះនេះប្រឈមមុខនឹងស្ថានភាពលំបាកមួយដែលតម្រូវឱ្យមានសាមគ្គីភាពពីសហគមន៍អន្តរជាតិ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោកស្រី Sheinbaum បានសន្យាថា នឹងបន្តផ្ញើជំនួយគ្រប់ប្រភេទជាផ្នែកមួយនៃចំណងសាមគ្គីភាពយូរអង្វែងរបស់ប្រទេសទាំងពីរ។ លោកស្រីបានលើកឡើងថា “យើងបន្តផ្ញើជំនួយគ្រប់ប្រភេទ ហើយយើងនឹងបន្តផ្ញើជំនួយដល់ប្រជាជនគុយបា”។

លោកស្រី Sheinbaum បានសង្កត់ធ្ងន់ថា ប្រទេសម៉ិកស៊ិកនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបន្តផ្តល់ការគាំទ្រដល់ប្រទេសកោះនេះ ជាពិសេសនៅពេលដែលសហរដ្ឋអាមេរិករឹតបន្តឹងការបិទផ្លូវរបស់ខ្លួនលើប្រទេសគុយបាអស់រយៈពេលជាងប្រាំមួយទសវត្សរ៍ ។

លោកស្រីបានបន្ថែមថា “វាជាបញ្ហានៃសាមគ្គីភាព។ ប្រជាជនម៉ិកស៊ិក តែងតែធ្វើបែបនេះ ហើយយើងនឹងបន្តធ្វើដូច្នេះ ពីព្រោះវាជាប្រទេសដែលត្រូវការវា”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top