ប្រទេសជាង ២០ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សា
លីសបោន៖ ប្រទេសព័រទុយហ្គាល់ រួមជាមួយប្រទេសចំនួន ២០ ផ្សេងទៀត និងស្នងការអឺរ៉ុប សម្រាប់សមភាព ការត្រៀមខ្លួន និងការគ្រប់គ្រងវិបត្តិ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអង្គារ និងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពមនុស្សធម៌ដ៏មហន្តរាយនៅតំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍រួម ដែលសម្របសម្រួលដោយប្រទេសហូឡង់ និងចែករំលែកដោយក្រសួងការបរទេសព័រទុយហ្គាល់ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានឲ្យដឹងថា ជំនួយមនុស្សធម៌ដែលចូលទៅក្នុងតំបន់ហ្គាហ្សា «នៅតែមិនគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព ខណៈដែលប្រជាជនស្ទើរតែទាំងអស់ពឹងផ្អែកលើសេវាសង្គ្រោះជីវិត»។
សេចក្តីថ្លែងការណ៍នេះបានអំពាវនាវឱ្យអ៊ីស្រាអែល «អនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់មនុស្សធម៌អន្តរជាតិ» ហើយបានឲ្យដឹងថា អង្គការមនុស្សធម៌ដែលទទួលស្គាល់ជាអន្តរជាតិទាំងអស់ «ត្រូវតែអាចអនុវត្តការងារសំខាន់របស់ពួកគេដោយគ្មានការរារាំង»។
សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងទៀតថា «អ៊ីស្រាអែល មានកាតព្វកិច្ចធានា និងសម្របសម្រួលដោយមិនបង្អង់យូរ ការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព រហ័ស និងគ្មានការរារាំងដល់ប្រជាជនស៊ីវិល ហើយចៀសវាងសកម្មភាពណាមួយ ដែលនឹងរារាំងការផ្តល់ជំនួយបែបនេះតាមមធ្យោបាយណាមួយ»។
លើសពីនេះ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា សេចក្តីសម្រេចរបស់តុលាការកំពូលអ៊ីស្រាអែលថ្មីៗនេះ ដែលគាំទ្រច្បាប់ចុះបញ្ជី «នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងកំណត់សមត្ថភាពរបស់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ក្នុងការប្រតិបត្តិការនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់ រួមទាំងក្រុងយេរូសាឡឹមខាងកើតផងដែរ»៕
ប្រែសម្រួល ឈូក បូរ៉ា
