ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង អះអាងថា លក្ខខណ្ឌសម្របសម្រួល បឋមរបស់អឺរ៉ុប លើបញ្ហាអ៊ុយក្រែន ជារឿងមិនអាចទទួលយកបាន

មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លក្ខខណ្ឌសម្របសម្រួលបឋមរបស់អឺរ៉ុបលើបញ្ហាអ៊ុយក្រែន គឺមិនអាចទទួលយកបាននោះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅទីក្រុងឡុងដ៍កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ឆ្ពោះទៅរកការចរចាសន្តិភាព។

ភាគីនានាបានដាក់ចេញនូវលក្ខខណ្ឌសន្តិភាព រួមទាំងបទឈប់បាញ់ជាបន្ទាន់ និងពេញលេញ ការទទួលស្គាល់ខ្សែទំនាក់ទំនងបច្ចុប្បន្នជាចំណុចចាប់ផ្តើមសម្រាប់ការចរចា ការធានាសន្តិសុខក្រោយបទឈប់បាញ់សម្រាប់អ៊ុយក្រែន ការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយរង់ចាំដំណោះស្រាយជម្លោះ និងការការពារផលប្រយោជន៍សន្តិសុខអឺរ៉ុប។

លោក Peskov បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា “ចំពោះតួនាទីសម្របសម្រួលរបស់អឺរ៉ុប ពួកគេនៅតែមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការធ្វើជាអ្នកសម្របសម្រួលនៅឡើយទេ។ ការចាប់ផ្តើមសម្របសម្រួលដោយដាក់លក្ខខណ្ឌជាមុនលើរុស្ស៊ី គឺមិនសមហេតុផល មានការយល់ច្រឡំ និងជាការពិតណាស់ មិនអាចទទួលយកបានសម្រាប់យើង”។

ឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការសម្របសម្រួលរបស់សហរដ្ឋអាមេរិក លោក Peskov បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាលល់ ត្រាំ អាចនឹងធ្វើការសន្ទនាតាមទូរស័ព្ទតាមតម្រូវការ។ បច្ចុប្បន្ននេះ មិនទាន់មានការហៅទូរស័ព្ទថ្មី ណាមួយត្រូវបានរៀបចំឡើងរវាងភាគីទាំងពីរនៅឡើយទេ។

លោក Peskov បានបន្ថែមថា ដំណើរការសម្របសម្រួលសម្រាប់អ៊ុយក្រែន កំពុងត្រូវបានផ្អាក ប៉ុន្តែអ្នកសម្របសម្រួលអាមេរិក នៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ី និងអ៊ុយក្រែន តាមរយៈបណ្តាញដែលមានស្រាប់។ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា មិនទាន់មានកាលបរិច្ឆេទច្បាស់លាស់ណាមួយត្រូវបានកំណត់ សម្រាប់អ្នកសម្របសម្រួលអាមេរិកមកទស្សនកិច្ចទីក្រុងមូស្គូនៅឡើយទេ ប៉ុន្តែវិមានក្រឹមឡាំងរីករាយនឹងស្វាគមន៍ពួកគេនៅពេលណាក៏បាន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top