អ៊ុយក្រែន និងបណ្តាប្រទេសបាល់ទិក ពង្រឹងកិច្ចសហប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក ចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាព ដែនអាកាស
តាលីន៖ អ៊ុយក្រែន បានផ្លាស់ប្តូរទៅពង្រឹងកិច្ចសហប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកជាមួយប្រទេសអេស្តូនី និងឡាតវី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី ទៅកាន់ទីក្រុងតាលីន សម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំណ័រឌីក និងបាល់ទិក ខណៈដែលការឈ្លានពានដោយយន្តហោះគ្មានមនុស្សបើកថ្មីៗនេះបានបង្កើនការព្រួយបារម្ភអំពីសន្តិសុខដែនអាកាសក្នុងតំបន់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការធ្វើការជាមួយដៃគូអឺរ៉ុប លើកិច្ចសហប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈអេស្តូនី ERR។
នៅក្នុងការបង្ហោះមួយនៅលើវេទិកាសង្គម X លោក ហ្សេឡិនស្គី បានឲ្យដឹងថា លោក និងនាយករដ្ឋមន្ត្រីអេស្តូនីលោក Kristen Michal បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិកាន់តែប្រសើរឡើង រួមទាំងការផ្លាស់ប្តូរបទពិសោធន៍ កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងការពារដែនអាកាស។
លើសពីនេះ លោក ហ្សេឡិនស្គី និង នាយករដ្ឋមន្ត្រីឡាតវី លោក Andris Kulbergs បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិកាលពីថ្ងៃអង្គារ ដើម្បីពង្រឹងសមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើករបស់ប្រទេសឡាតវី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈឡាតវី LSM។
លោក Kulbergs ត្រូវបានដកស្រង់សម្តី បន្ទាប់ពីព្រឹត្តិការណ៍ចុះហត្ថលេខាថា “យើងបានឯកភាពគ្នាថា កងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរនឹងធ្វើការ យ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងការអនុវត្តវា ព្រោះការចែករំលែកចំណេះដឹង បទពិសោធន៍ និងធនធាននឹងអនុញ្ញាត ឱ្យយើងមានប្រសិទ្ធភាព ជាងមុនក្នុងការពង្រឹងការការពារជាតិរបស់យើង”។
នៅថ្ងៃចន្ទ យន្តហោះគ្មានមនុស្សបើកបរទេសមួយគ្រឿង ដែលបានចូលទៅក្នុងដែនអាកាសឡាតវី ត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំងបារាំង ដែលបម្រើការនៅក្នុងបេសកកម្មប៉ូលីសអាកាសបាល់ទិករបស់ណាតូ។ នេះគឺជាការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកលើកដំបូង ដែលត្រូវបានរកឃើញនៅក្នុងដែនអាកាសឡាតវី៕
ប្រែសម្រួល ឈូក បូរ៉ា
