ព័ត៌មានអន្តរជាតិ

ការប៉ុនប៉ងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគ្មានការធានាសន្តិសុខ ដែលគួរឱ្យទុកចិត្ត គឺជារឿងប្រថុយប្រឋាន

ឡុងដ៍៖ អគ្គលេខាធិការនៃអង្គការសមុទ្រអន្តរជាតិ (IMO) បានព្រមានប្រឆាំងនឹងការប៉ុនប៉ងរបស់នាវាក្នុងការឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគ្មានការធានាសន្តិសុខ គួរឱ្យទុកចិត្ត ដោយសង្កត់ធ្ងន់ថា ដោយសង្កត់ធ្ងន់ថា គ្មានការពិចារណាផ្នែកពាណិជ្ជកម្ម ណាមួយអាចបង្ហាញអំពីភាពត្រឹមត្រូវ នៃគ្រោះថ្នាក់ធ្ងន់ធ្ងរដល់នាវិកបានឡើយ។

លោក Arsenio Dominguez អគ្គលេខាធិការ IMO បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះរបាយការណ៍ដែលថា នាវានៅតែបន្តព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមូស ដោយគ្មានការធានាសន្តិសុខ ដែលគួរឱ្យទុកចិត្តណាមួយឡើយ”។

លោក Dominguez បានលើកឡើងថា អ្នកធ្វើដំណើរតាមសមុទ្រត្រូវបានសម្លាប់ រងរបួស និងឃុំខ្លួនរួចហើយនៅក្នុងឧប្បត្តិហេតុថ្មីៗនេះ ខណៈដែលស្ថានភាពសន្តិសុខនៅក្នុងតំបន់នៅតែមានភាពប្រែប្រួលខ្លាំង និងខ្វះការធានា ដែលអាចទុកចិត្តបានសម្រាប់ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព។

លោកបានបន្ដថា “ការព្រួយបារម្ភចម្បងរបស់ខ្ញុំ គឺសុវត្ថិភាព និងអាយុជីវិតរបស់អ្នកធ្វើដំណើរតាមសមុទ្រ ដែលត្រូវបានដាក់ក្នុងស្ថានភាពទាំងនេះ” ដោយបន្ថែមថា អ្នកធ្វើដំណើរតាមសមុទ្រមិនគួរប្រឈមនឹងហានិភ័យដែលត្រូវបានគេដឹង សំខាន់ និងហួសពីការកាត់បន្ថយនោះទេ។ ប្រធាន IMO រូបនេះបានសង្កត់ធ្ងន់ថា អ្នកគ្រប់គ្រងកប៉ាល់ និងក្រុមហ៊ុនដឹកជញ្ជូន ទទួលខុសត្រូវខ្ពស់បំផុត ចំពោះការរៀបចំផែនការធ្វើដំណើរ និងការវាយតម្លៃហានិភ័យ ក្រោមក្របខ័ណ្ឌគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខអន្តរជាតិ។

លោកបានបន្ថែមថា “គ្មានការពិចារណា ផ្នែកពាណិជ្ជកម្ម ឬប្រតិបត្តិការណាមួយអាចបង្ហាញ អំពីភាពត្រឹមត្រូវ នៃការធ្វើឱ្យនាវិកប្រឈម នឹងគ្រោះថ្នាក់កម្រិតបែបនេះទេ។ ការការពារជីវិតរបស់ពួកគេ ត្រូវតែជាអាទិភាពចម្បងគ្រប់ពេលវេលា”។ លោកក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យធ្វើសកម្មភាព ដោយមានការទទួលខុសត្រូវ និងជំរុញឱ្យភាគីទាំងអស់ចៀសវាងសកម្មភាព ដែលអាចធ្វើឱ្យនាវិកស៊ីវិលប្រឈមនឹងហានិភ័យ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top