ព័ត៌មានអន្តរជាតិ

រុស្សីបំផ្លាញផែនការ ធ្វើឃាតក្រុមមន្ត្រីក្រសួងការពារជាតិ របស់ខ្លួនពីសំណាក់ ប្រទេសអ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាទីភ្នាក់ងារជាតិសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថាFSB បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងការវាយប្រហារដែលបានគ្រោងទុក សំដៅទៅលើមន្ត្រីក្រសួងការពារជាតិរុស្ស៊ី និងបានឃុំខ្លួនជនបរទេសម្នាក់ ដែលត្រូវបានចោទប្រកាន់ថា ជ្រើសរើសដោយសេវាសន្តិសុខ អ៊ុយក្រែន (SBU) ។

មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈ FSB បាននិយាយថា ជនសង្ស័យជាជនបរទេសកើតក្នុងឆ្នាំ ១៩៩០ ត្រូវបានឃុំខ្លួនក្នុងអំឡុង ពេលប្រតិបត្តិការពិសេសមួយ នៅក្នុងតំបន់មូស្គូ។ គាត់​ត្រូវ​បាន​ SBU រៀបចំឲ្យ​មាន​ភារកិច្ច​ធ្វើ​ឃាតសំដៅក្រុម​មន្ត្រី​យោធា​រុស្ស៊ី ។

យោងតាម ​​FSB ជនសង្ស័យបានចូលប្រទេសរុស្ស៊ីក្នុងខែកុម្ភៈឆ្នាំនេះ។ ដោយធ្វើតាមការណែនាំពីមេក្លោង គាត់បានយកកាំភ្លើងខ្លីមួយដើម បំពាក់ដោយឧបករណ៍បំបិទសម្លេង និងគ្រាប់ចំនួន ១៦គ្រាប់ ពីឃ្លាំងលាក់ទុក ហើយបានធ្វើការឆែកឆេរលំនៅដ្ឋាន និងកន្លែងធ្វើការរបស់គោលដៅផងដែរ។

FSB បាននិយាយថាក្នុងអំឡុងពេលសាកសួរ ជនសង្ស័យបាននិយាយថា គាត់ត្រូវបានជ្រើសរើសដោយមន្រ្តី SBU នៅក្នុងប្រទេសសហភាពអឺរ៉ុប (EU) ជាកន្លែង ដែលគាត់បានភៀសខ្លួន ដើម្បីជៀស វាងការកាត់ទោសព្រហ្មទណ្ឌ នៅក្នុងប្រទេសកំណើតរបស់គាត់។

ទីភ្នាក់ងារនេះបាននិយាយថា ជនសង្ស័យត្រូវបានសន្យាថា ជាជំនួយក្នុងការទទួលបានឋានៈជាជនភៀសខ្លួន និងលំនៅដ្ឋានស្របច្បាប់ នៅក្នុងសហភាពអឺរ៉ុប ជាថ្នូរនឹងការអនុវត្តកិច្ចការនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top