ខណៈភាពតានតឹង ផ្ទុះឡើងជាថ្មី អ៊ីរ៉ង់ អះអាងថា ផ្នែកសំខាន់ៗ នៃកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក ខិតជិតដល់ការបញ្ចប់ហើយ
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា ផ្នែកសំខាន់ៗនៃអនុស្សរណៈ នៃការយោគយល់គ្នាជាមួយសហរដ្ឋអាមេរិក ខិតជិតដល់ការបញ្ចប់ហើយ ដែលការប្រកាសនេះ ធ្វើឡើងក្នុងគ្រាដែលសង្គ្រាមបានផ្ទុះឡើង ជាថ្មីរវាងអាមេរិក និងអ៊ីរ៉ង់ នៅក្នុងតំបន់មជ្ឈឹមបូព៌ា។
លោក Baghaei បានប្រាប់ទូរទស្សន៍ Press TV ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា “អត្ថបទនេះស្ទើរតែត្រូវបានបញ្ចប់នៅក្នុងផ្នែកសំខាន់ៗរបស់វាហើយ” ដែលអនុសស្សរណៈនេះ មានគោលបំណងបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីរ៉ង់។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់រូបនេះ បានឲ្យដឹង កាលពីយប់ថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់ មិនទាន់ឈានដល់ការសន្និដ្ឋាន ចុងក្រោយអំពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ស្តីពីការបញ្ចប់សង្គ្រាមនៅឡើយទេ។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋ ខណៈដែលលោកបានឆ្លើយតបទៅនឹងការអះអាង និងការស្មានអំពីកិច្ចព្រមព្រៀងសន្តិភាពដែលជិតមកដល់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ឈូក បូរ៉ា
