តម្លៃប្រេងបានធ្លាក់ចុះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលុបចោលផែនការវាយប្រហារអ៊ីរ៉ង់
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ១ ដុល្លារនៅថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលុបចោលផែនការវាយប្រហារអ៊ីរ៉ង់ ដែលកាត់បន្ថយការភ័យខ្លាចនៃការកើនឡើងនៃអរិភាព បន្ទាប់ពីការវាយប្រហារតបតវិញកាលពីដើមសប្តាហ៍។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 1.83 ដុល្លារ ឬ 2% មកនៅត្រឹម 88.55 ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ចុះ 1.60 ដុល្លារ ឬ 1.8% មកនៅត្រឹម 86.11 ដុល្លារ។
លោក ត្រាំ ដែលបានគំរាមវាយប្រហារអ៊ីរ៉ង់ “យ៉ាងខ្លាំង” ក្រោយោមកក៏បានលុបចោលការវាយប្រហារដែលបានគ្រោងទុកវិញ ដោយនិយាយថា ការពិភាក្សាជាមួយអ៊ីរ៉ង់បានរីកចម្រើន ហើយកិច្ចព្រមព្រៀងសន្តិភាពដែលនឹងបើកច្រកសមុទ្រ Hormuz ឡើងវិញសម្រាប់ការដឹកជញ្ជូនអាចត្រូវបានចុះហត្ថលេខានៅចុងសប្តាហ៍នេះ។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Fars បានរាយការណ៍ថា ទីក្រុងតេហេរ៉ង់មិនបានអនុម័តអត្ថបទនៃកិច្ចព្រមព្រៀងណាមួយឡើយ។
លោក Tony Sycamore អ្នកវិភាគទីផ្សារ IG បាននិយាយថា ទោះបីជាតម្លៃប្រេងធ្លាក់ចុះក៏ដោយ «ដរាបណាតម្លៃអាចរក្សាបានលើសពីកម្រិតគាំទ្រក្នុងកម្រិតទាប ៨០ ដុល្លារ ហានិភ័យនៅតែមានភាពលំអៀងទៅរកការកើនឡើង»៕
ប្រែសម្រួលៈ ណៃ តុលា
