ប្រមុខអង្គការសហប្រជាជាតិ សម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា
អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យរបស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃភាពតានតឹងចុងក្រោយនៅមជ្ឈិមបូព៌ា។
លោក Guterres មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា រួមទាំងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៊ីរ៉ង់ និងការវាយប្រហាររបស់អ៊ីរ៉ង់ លើប្រទេសជិតខាងនៅឈូងសមុទ្រ និងលើសពីនេះ ព្រមទាំងការកើនឡើងគួរឱ្យកត់សម្គាល់នៃវោហាសាស្ត្រអរិភាព នេះបើយោងតាមអ្នកនាំពាក្យរបស់លោក Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោក Guterres ជំរុញឱ្យភាគីនានាត្រឡប់ទៅអនុវត្តបទឈប់បាញ់ពេញលេញ និងជៀសវាងការធ្លាក់ចុះបន្ថែមទៀត ដែលដូចដែលលោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខកាលពីម្សិលមិញ អាចបង្កឱ្យមានការបន្តជម្លោះឡើងវិញទាំងស្រុង ជាមួយនឹងផលវិបាក ដែលមិនអាចទាយទុកជាមុនបានសម្រាប់តំបន់ និងពិភពលោក ជាពិសេសប្រទេសដែលងាយរងគ្រោះបំផុត”។
អគ្គលេខាធិការបានបញ្ជាក់ជាថ្មីថា មធ្យោបាយតែមួយគត់ដើម្បីឆ្ពោះទៅមុខគឺតាមរយៈការសន្ទនា និងការចរចាពិតប្រាកដ។ លោកអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេទ្វេដងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ទូលំទូលាយ និងប្រើប្រាស់បានយូរ ដែលជំរុញសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍៕
ប្រែសម្រួល ឈូក បូរ៉ា
