អ៊ីរ៉ង់អាមេរិក ព្រមព្រៀងលើបទឈប់បាញ់ គ្រប់សមរភូមិ និងដករបាំងចេញពីច្រកសមុទ្រ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បាននិយាយ នៅព្រឹកថ្ងៃចន្ទថា ការបិទផ្លូវទ័ពជើងទឹក របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់នឹងត្រូវដកចេញនៅយប់នេះ ហើយការបញ្ចប់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍នៃសង្គ្រាម និងប្រតិបត្តិការយោធាលើគ្រប់សមរភូមិ រួមទាំងប្រទេសលីបង់ផងដែរ ។
លោក Gharibabadi បាននិយាយថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនឹងចុះហត្ថលេខា លើសេចក្តីព្រាងចុងក្រោយ នៃអនុស្សរណៈយោគយល់គ្នា សន្តិភាព (MoU) នៅប្រទេសស្វីសនៅថ្ងៃទី១៩ខែមិថុនា នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ ។
ប្រភពTasnim ដដែលក៏បានដកស្រង់ ប្រភពមួយដោយ និយាយថាច្រកសមុទ្រ Hormuz នឹងបើកឡើងវិញ បន្ទាប់ពីពិធីចុះហត្ថលេខា នៅប្រទេសស្វីសផងដែរ។
ទន្ទឹមនឹងនេះ ទូរទស្សន៍រដ្ឋ របស់អ៊ីរ៉ង់ IRIB ដែលដកស្រង់ សម្តីលោក Gharibabadi បាននិយាយថា ការចូលខ្លួនរបស់អ៊ីរ៉ង់ ក្នុងការចរចា រយៈពេល ៦០ថ្ងៃ ជាមួយសហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងការដកទណ្ឌកម្មនឹងពឹងផ្អែក លើការបំពេញការប្តេជ្ញាចិត្តបឋមរបស់ខ្លួន ដែលនឹងត្រូវបានផ្ទៀងផ្ទាត់ ដោយទីក្រុងតេហរ៉ង់ ចាប់ពីពេលនេះ រហូតដល់ការចុះហត្ថលេខា៕
ប្រែសម្រួល៖ស៊ុនលី
