DAP News
ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់អ៊ីរ៉ង់ ព្រមានអំពីការឆ្លើយតបភ្លាមៗ ចំពោះការវាយប្រហារទីក្រុងបេរូតរបស់អ៊ីស្រាអែល

បេរូត៖​ ក្រុមប្រឹក្សាសន្តិសុខ ជាតិជាន់ខ្ពស់អ៊ីរ៉ង់ (SNSC) បានព្រមានអំពីការឆ្លើយតបភ្លាមៗ ចំពោះការវាយប្រហារ របស់អ៊ីស្រាអែល លើរដ្ឋធានីបេរូតរបស់លីបង់។

IRIB បានដកស្រង់សម្តីលោក Mohammad Bagher Zolghadr លេខាធិការ SNSC ដែលបានឧ្យដឹងថា​ “លីបង់​ គឺជាឈាមជីវិតរបស់យើង ហើយការរំលោភលើខ្សែ បន្ទាត់ក្រហមរបស់អ៊ីរ៉ង់​ នឹងមិនត្រូវបានអត់ឱននោះទេ”។

ដោយឡែកពីគ្នា លោក Ali Abdollahi មេបញ្ជាការ នៃទីបញ្ជាការកណ្តាលយោធាសំខាន់របស់អ៊ីរ៉ង់ Khatam al-Anbiya បានឧ្យដឹងកាលពីថ្ងៃអាទិត្យថា កងកម្លាំងប្រដាប់ អាវុធរបស់អ៊ីរ៉ង់ “បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់ចូលទៅ ក្នុងបេះដូងរបស់សត្រូវ”។

ក្រសួងការបរទេសអ៊ីរ៉ង់​ ក៏បានចេញ សេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃអាទិត្យ ដោយថ្កោលទោសការវាយប្រហារ របស់អ៊ីស្រាអែល ដោយចាត់ទុកទីក្រុងវ៉ាស៊ីនតោនថា ទទួលខុសត្រូវដោយផ្ទាល់​ ចំពោះ ការរំលោភបំពានម្តងហើយម្តងទៀត​ របស់អ៊ីស្រាអែលលើបទឈប់បាញ់​ ដែលសម្រេចបានក្នុងខែមេសា។

ទីក្រុងតេអេរ៉ង់បានបន្ថែមថា ទីក្រុងតេអេរ៉ង់ប្តេជ្ញា ចាត់វិធានការចាំបាច់ ទាំងអស់ក្នុងរឿងនេះ។​ ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឧ្យដឹងថា SNSC បានសន្និដ្ឋានថា ផ្លូវនៃការសន្ទនាត្រូវតែបន្ត នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានាធិបតី ។

លោក Pezeshkian បានបញ្ជាក់ពីភាពចាំបាច់ក្នុងការជួយអ៊ីរ៉ង់ឱ្យចេញពីស្ថានភាព «ទាំងសង្គ្រាម និងសន្តិភាព» បច្ចុប្បន្នរបស់ខ្លួន ដោយកត់សម្គាល់ថា មេដឹកនាំកំពូលលោក Ali Khamenei ពីមុនបានផ្តល់ការអនុញ្ញាតឱ្យមានការចរចា «ផ្អែកលើសេចក្តីថ្លៃថ្នូរ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top