DAP News
ព័ត៌មានអន្តរជាតិ

តម្លៃជីកើនឡើងនៅជប៉ុន ដោយសារការរឹតបន្តឹង ច្រកសមុទ្រហ័រមូស

បរទេស៖ ការបិទច្រកសមុទ្រហ័រមូស ដោយប្រសិទ្ធភាពបានបង្កើតក្តីបារម្ភអំពីសន្តិសុខស្បៀងអាហារនៅក្នុងប្រទេសជប៉ុន ក្នុងពេលដែលកសិករជប៉ុនកំពុងត្រូវបានគិតថ្លៃបន្ថែម សម្រាប់ផលិតផលជីនាំចូល។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ថា ក្នុងពេលដែលការកកស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ក្នុង ស្រុកធ្ងន់ធ្ងរបានប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ណាហ្វថា អ្នកជំនាញនិយាយថា ការភ័យខ្លាចអំពីកង្វះខាតស្រដៀងគ្នានេះ មិនទាន់ក្លាយជាបញ្ហាធំមួយ នៅក្នុងឧស្សាហកម្មជីនៅឡើយទេ។ ប៉ុន្តែការព្រមានអំពីកង្វះខាតជីអន្តរជាតិត្រូវបានចេញផ្សាយ ហើយរដ្ឋាភិបាលកំពុងស្តុកទុកផលិតផលជី និងធ្វើចលនាដើម្បីធ្វើពិពិធកម្មប្រភពនាំចូលរបស់ខ្លួន។

សារធាតុអ៊ុយរ៉េ អាម៉ូញ៉ូមផូស្វាត និង ប៉ូតាស្យូមក្លរួ វត្ថុធាតុដើមសម្រាប់ជីគីមី ត្រូវបាននាំចូលស្ទើរតែទាំងស្រុង នៅក្នុងប្រទេសជប៉ុន។ ចន្លោះខែកក្កដា ឆ្នាំ២០២៤ និងខែមិថុនា ឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ីបានផ្គត់ផ្គង់អ៊ុយរ៉េចំនួន ៧៤% របស់ប្រទេសជប៉ុន។ ប្រទេសចិនមានចំនួន ៧២% នៃការផ្គត់ផ្គង់អាម៉ូញ៉ូមផូស្វាតរបស់ប្រទេស ហើយប្រទេសកាណាដាគឺជាប្រភពនៃប៉ូតាស្យូមក្លរួចំនួន ៧៨% របស់ខ្លួន។

អ៊ុយរ៉េគឺជាជីអាសូតដែលមានតម្លៃទាប ខណៈពេលដែលជីអាម៉ូញ៉ូមផូស្វាតគឺជាសមាសធាតុអាសូត និងផូស្វ័រដែលសមស្របសម្រាប់ដី និង ដំណាំជាច្រើនប្រភេទ។ ជីប៉ូតាស្យូមក្លរួត្រូវបានប្រើលើដី ដែលមានបរិមាណប៉ូតាស្យូមមិនគ្រប់គ្រាន់ ។
តម្លៃជីអ៊ុយរ៉េកំពុងកើនឡើង ១៤.៥% អាម៉ូញ៉ូមផូស្វាត ៤.៩% និងប៉ូតាស្យូមក្លរួ ៧.៣% បើប្រៀបធៀបទៅនឹងរដូវជីរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៥។
ប្រែសម្រួលៈ ណៃ តុលា

To Top