ព័ត៌មានអន្តរជាតិ

Update: យន្តហោះទម្លាក់គ្រាប់បែក B-52 របស់កងទ័ពអាកាសអាមេរិក ដែលធ្លាក់នៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឲ្យស្លាប់សមាជិក នាវិកទាំង៨ នាក់

បរទេស៖ មន្ត្រីកងទ័ពអាកាសបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក B-52 Stratofortress របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់នៅពេលហោះឡើងកាល ពីថ្ងៃចន្ទនៅមូលដ្ឋានទ័ពអាកាស Edwards ក្នុងវាលខ្សាច់ Mojave ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ដោយបានឆាបឆេះជាអណ្តាតភ្លើង និងសម្លាប់សមាជិកនាវិក ទាំងប្រាំបីនាក់នៅលើយន្តហោះនោះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ថា លោកវរសេនីយ៍ឯកកងទ័ពអាកាស James Hayes បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយប៉ុន្មានម៉ោងក្រោយមកថា យន្តហោះដែលមានម៉ាស៊ីនប្រាំបី ដែលត្រូវបានផលិតឡើង ដើម្បីផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងគ្រាប់បែកជាច្រើនប្រភេទ កំពុងស្ថិតក្នុងបេសកកម្មសាកល្បងធម្មតា នៅពេលដែលយន្តហោះបានធ្លាក់នៅលើផ្លូវរត់នៅ Edwards ភ្លាមៗបន្ទាប់ពីហោះឡើងពីដី។

ផ្សែងខ្មៅដ៏ក្រាស់ខ្មួលខ្មាញ់ចេញពីកន្លែងធ្លាក់យន្តហោះអាចមើលឃើញពីចម្ងាយរាប់ម៉ាយភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់។

លោក James Hayes បាននិយាយថា “នាវិកចម្រុះ” នៅលើយន្តហោះនេះរួមមានមន្រ្តីស៊ីវិលរដ្ឋាភិបាល អ្នកម៉ៅការរដ្ឋាភិបាល និងបុគ្គលិកយោធាស្លៀកពាក់ឯកសណ្ឋាន។ ក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing (BA.N) ដែលបានរចនា និងសាងសង់យន្តហោះនេះ បាននិយាយថា បុគ្គលិកពីរនាក់របស់ខ្លួនស្ថិតក្នុងចំណោមអ្នកស្លាប់។

លោក Hayes បានប្រាប់អ្នកយកព័ត៌មានថា ការហោះហើរនេះត្រូវបានបម្រុងទុកដើម្បីគាំទ្រដល់កម្មវិធីទំនើបកម្មរ៉ាដា។ លោកបានបន្ថែមថា មូលហេតុនៃការធ្លាក់យន្តហោះនេះមិនទាន់ដឹងនៅឡើយទេ ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេត។
ប្រែសម្រួលៈ ណៃ តុលា

To Top