Feature

លោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មឡើងវិញលើប្រេងរបស់រុស្ស៊ី

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ (G7) នៅប្រទេសបារាំង ជាកន្លែងដែលកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន គឺជារបៀបវារៈដ៏សំខាន់ ក្នុងនោះលោកបានអះអាងថាសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មឡើងវិញលើប្រេងរបស់រុស្ស៊ី។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅ Evian ដែលជាទីក្រុងមួយនៅលើច្រាំងនៃបឹងហ្សឺណែវ ភាគខាងកើតប្រទេសបារាំង លោក ត្រាំ បានឲ្យដឹងថា ការរឹតបន្តឹងលើការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី អាចវិលត្រឡប់មកវិញបន្ទាប់ពីការបើកចំហនៃច្រកសមុទ្រហ័រមូស អនុញ្ញាតឱ្យមានការដឹកជញ្ជូនប្រេងកាន់តែច្រើន។ លោកត្រូវបានដកស្រង់សម្តីដោយលើកឡើងពីកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រេចបានជាមួយអ៊ីរ៉ង់ កាលពីចុងសប្តាហ៍ថា “យើងស្ថិតក្នុងស្ថានភាព ដែលអាចធ្វើដូច្នេះបានក្នុងពេលឆាប់ៗនេះ”។

កាលពីខែមីនា ក្រសួងរតនាគារសហរដ្ឋអាមេរិក បានចេញការលើកលែងរយៈពេល ៣០ ថ្ងៃដែលអនុញ្ញាតឱ្យប្រទេសនានាទិញប្រេងឆៅ និងផលិតផលប្រេងកាតរបស់រុស្ស៊ី ដែលត្រូវបានផ្ទុករួចហើយនៅលើនាវា និងជាប់គាំងនៅសមុទ្រ។ ការលើកលែងនេះត្រូវបានពង្រីកនៅពេលក្រោយ ខណៈដែលជម្លោះដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងការរំខាននៅជុំវិញច្រកសមុទ្រហ័រមូស បានបន្តដាក់សម្ពាធលើទីផ្សារប្រេង។

ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានជជែកជាមួយលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz អំពីការបញ្ចប់ជម្លោះ និងកិច្ចសហប្រតិបត្តិការការពារជាតិ។ បន្ទាប់ពីកិច្ចពិភាក្សារបស់លោកជាមួយលោក ត្រាំ លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា វា «មានសារៈសំខាន់ខ្លាំងណាស់» ដែលកិច្ចពិភាក្សាសម្របសម្រួលលើកក្រោយរបស់សហរដ្ឋអាមេរិក ជាមួយរុស្ស៊ី គួរតែធ្វើឡើងមុនរដូវរងានេះ ហើយទីតាំង និងទម្រង់នៃការចរចានឹងត្រូវសម្រេចដោយលោក ត្រាំ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top