អ៊ីរ៉ង់ ព្រមានពីការឆ្លើយតបដ៏ឃោរឃៅ ប្រសិនបើអ៊ីស្រាអែល បន្តវាយប្រហារលីបង់
តេអេរ៉ង់៖ អ៊ីរ៉ង់បានព្រមានថា ប្រសិនបើអ៊ីស្រាអែល មិនបញ្ចប់ «អំពើអាក្រក់» របស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ទេនោះ ខ្លួននឹងត្រូវរង់ចាំការឆ្លើយតបដ៏ «ឃោរឃៅ» របស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ ដែលការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ និងអាមេរិក ឈានដល់កិច្ចព្រមព្រៀងសន្ដិភាព ដែលគ្រោងនឹងចុះហត្ថលេខានៅចុងសប្ដាហ៍នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទីបញ្ជាការយោធាសំខាន់របស់អ៊ីរ៉ង់ គឺទីស្នាក់ការកណ្តាល Khatam al-Anbiya បានឲ្យដឹងថា ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីការបញ្ចប់សង្គ្រាមមក កងទ័ពអ៊ីស្រាអែល បានរំលោភលើបទឈប់បាញ់នៅភាគខាងត្បូងប្រទេសលីបង់ចំនួន ៨៤ ដង ហើយនៅតែបន្ត «ឧក្រិដ្ឋកម្មប្រឆាំងនឹង និងការសម្លាប់ប្រជាជនលីបង់ ដែលត្រូវបានគាបសង្កត់»។
អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងប៉ាគីស្ថាន បានប្រកាសនៅព្រឹកថ្ងៃចន្ទ អំពីការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់សង្គ្រាមនៅគ្រប់ទិសទីនៅក្នុងតំបន់អាស៊ីខាងលិច រួមទាំងប្រទេសលីបង់ផងដែរ។ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោងនឹងចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នានៅប្រទេសស្វីសនៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយអ្នកការទូតបរទេសនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានពិពណ៌នាអំពីការបញ្ចប់សង្គ្រាមនៅលីបង់ថា ជាផ្នែកមួយ «មិនអាចបំបែកបាន» នៃកិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់-សហរដ្ឋអាមេរិក ដោយថា តាមទស្សនៈរបស់ទីក្រុងតេអេរ៉ង់ ភាគីទាំងពីរនៃកិច្ចព្រមព្រៀងនេះគឺសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅម្ខាង និងអ៊ីរ៉ង់ និងក្រុមហេសបូឡា នៅម្ខាងទៀត។
លោកបានលើកឡើងថា «ការបញ្ចប់សង្គ្រាមក៏រួមបញ្ចូលទាំងការបញ្ចប់នៃការកាន់កាប់របស់អ៊ីស្រាអែលផងដែរ។ ការបញ្ចប់សង្គ្រាមមិនពេញលេញទេ បើគ្មានការដកទ័ពអ៊ីស្រាអែលចេ ញពីទឹកដីលីបង់ ដែលពួកគេបានកាន់កាប់ក្នុងសង្គ្រាមនេះ»។ លោក Araghchi បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា យោធាអ៊ីស្រាអែល នឹងនៅតែស្ថិតនៅក្នុង «តំបន់សន្តិសុខ» ដែលខ្លួនគ្រប់គ្រងនៅទឹកដីលីបង់ ស៊ីរី និងហ្គាហ្សាស្ទ្រីប ដរាបណាចាំបាច់៕
ប្រែសម្រួល ឈូក បូរ៉ា
