នាវាចម្បាំងរុស្ស៊ី បើកការបាញ់ព្រមាន ប្រឆាំងនឹងនាវាទេសចរណ៍អង់គ្លេសមួយគ្រឿង ដើម្បីការពារការប៉ះទង្គិចគ្នា
ឡុងដ៍៖ នាវាចម្បាំងរុស្ស៊ី Admiral Grigorovich បានបើកការបាញ់ព្រមាននៅជិតនាវាទេសចរណ៍ចុះបញ្ជីនៅចក្រភពអង់គ្លេសមួយគ្រឿងនៅក្នុងច្រកសមុទ្រអង់គ្លេសនៅព្រឹកថ្ងៃអង្គារ ដើម្បីការពារការប៉ះទង្គិចគ្នា នេះបើយោងតាមការចុះផ្សាយរបស់ BBC។
របាយការណ៍នេះបានឲ្យដឹងថា នាវាទេសចរណ៍បានរសាត់ឆ្ពោះទៅនាវាចម្បាំងក្នុងស្ថានភាពអ័ព្ទប្រហែល ២០ ម៉ាយសមុទ្រ (៣៧ គីឡូម៉ែត្រ) ភាគខាងត្បូងនៃកោះ Isle of Wight មុនពេលនាវាចម្បាំងបានបន្លឺសំឡេងព្រមាន និងបើកការបាញ់ព្រមាន។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីត្រូវបានដកស្រង់សម្តីដោយ BBC ថា ការបាញ់ព្រមានទាំងនោះ មិនមែនសំដៅលើនាវានោះទេ គឺជាការប៉ុនប៉ង ដើម្បីការពារការប៉ះទង្គិចគ្នា ដែលអាចកើតមាន។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញ Telegram ថា មេបញ្ជាការនាវាចម្បាំងបានសម្រេចចិត្តអនុវត្ត “ការបាញ់ប្រហារជាមុន” ដោយប្រើអាវុធតូចៗ បន្ទាប់ពីបានបិទចម្ងាយដល់ ១៥០ ម៉ែត្រ ។
ក្រុមនាវិកនៃនាវាចម្បាំងបានធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិនាវាចរណ៍អន្តរជាតិយ៉ាងតឹងរ៉ឹង និងបានចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីទប់ស្កាត់ឧប្បត្តិហេតុនេះ។ បន្ទាប់ពីនេះ នាវាកម្សាន្តនោះបានប្តូរទិសដៅភ្លាមៗ ហើយបានចាកចេញពីនាវាចម្បាំងរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា
