ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំងថ្កោលទោសសកម្មភាពភេវរកម្ម ដោយអ៊ុយក្រែន សំដៅកុមារជនជាតិបេឡារុស

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានថ្កោលទោសថាជាអំពើភេរវកម្ម ដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនវាយប្រហារលើឡានក្រុង ដឹកក្រុមកីឡាយុវជនបេឡារុសនិងធ្វើឲ្យមានអ្នករងរបួសជាច្រើននាក់។ 

ស្ត្រីម្នាក់បានបាត់បង់ជីវិត និងអ្នកដំណើរជាច្រើននាក់បានរងរបួស រួមទាំងកុមារផងដែរ នៅក្នុងការវាយប្រហារនៅតំបន់ Bryansk នៃប្រទេសរុស្ស៊ីកាលពីថ្ងៃពុធម្សិលមិញ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានណែនាំរដ្ឋមន្ត្រីសុខាភិបាល លោក Mikhail Murashko ឱ្យធានាថា អ្នករងរបួសទាំងអស់ នៅក្នុងការវាយប្រហារភេរវកម្ម ដោយរបបក្រុងគៀវ ព្រមទាំងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដែលចាំបាច់។

ការវាយប្រហារលើរថយន្តក្រុងដែលដឹកមនុស្ស ៤៤នាក់ ក្នុងនោះមានកុមារ ២៨នាក់ ត្រូវបានរាយការណ៍ដំបូងដោយអភិបាលរងក្នុងតំបន់ Bryansk លោក Egor Kovalchuk ។ អនុរដ្ឋមន្ត្រីសុខាភិបាលបេឡារុស លោក Aleksandr Khodzhaev ក្រោយមកបាននិយាយថា មនុស្ស៨នាក់ រួមទាំងកុមារចំនួន៦នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

គួរឲ្យដឹងដែរថាការស៊ើបអង្កេតឧក្រិដ្ឋកម្មលើឧប្បត្តិហេតុនេះត្រូវបានបើកទាំងនៅក្នុងប្រទេសរុស្ស៊ី និងបេឡារុស ដោយអាជ្ញាធរបានចាត់ទុកការវាយប្រហារនេះថាជាអំពើភេរវកម្ម៕

ប្រែសម្រួល៖ ស៊ុន លី

To Top