ក្រុមហ៊ុន Bosch របស់អាល្លឺម៉ង់ យល់ព្រមបង់ប្រាក់ ៣៦ លានដុល្លារ ដល់អាជ្ញាធរអាមេរិក សម្រាប់ការដឹកជញ្ជូនទៅឱ្យក្រុមហ៊ុន Huawei របស់ចិន
បរទេស៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុនបច្ចេកវិទ្យាអាល្លឺម៉ង់ Robert Bosch បានយល់ព្រមបង់ប្រាក់ចំនួន ៣៦ លានដុល្លារដល់អាជ្ញាធរសហរដ្ឋអាមេរិកសម្រាប់ការដឹកជញ្ជូនផលិតផលឧបករណ៍ចាប់សញ្ញា និងកម្មវិធីសម្រាប់ទូរស័ព្ទដៃដែលមានតម្លៃជាង ៧០ លានដុល្លារទៅកាន់ក្រុមហ៊ុន Huawei របស់ប្រទេសចិន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមហ៊ុន Huawei ស្ថិតនៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលតម្រូវឱ្យមានអាជ្ញាប័ណ្ណសម្រាប់ទំនិញមួយចំនួនដែលផលិតនៅបរទេសដែលជាផលិតផលនៃបច្ចេកវិទ្យាដើមកំណើតរបស់សហរដ្ឋអាមេរិក។
យោងតាមកិច្ចព្រមព្រៀងដោះស្រាយរវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Bosch ក្រុមហ៊ុនបុត្រសម្ព័ន្ធពីរដែលមិនមែនជារបស់សហរដ្ឋអាមេរិកបាននាំចេញទំនិញ និងកម្មវិធី នៅចន្លោះឆ្នាំ ២០២០ និង ២០២៤ ជាង ១០០ ដងដោយគ្មានអាជ្ញាប័ណ្ណ។
ក្រុមហ៊ុន Bosch បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរំលោភបំពានទាំងនោះគឺ “អចេតនា”។ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានយល់ព្រមបិទការស៊ើបអង្កេតពាក់ព័ន្ធរបស់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា
