អនុប្រធានាធិបតីអាមេរិក លុបចោលដំណើរទស្សនកិច្ច ដើម្បីចរចាសន្តិភាពជាមួយអ៊ីរ៉ង់ នៅប្រទេសស្វីស
បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានដកខ្លួនចេញពីដំណើរទស្សនកិច្ច ដែលបានគ្រោងទុក ដើម្បីជួបជាមួយក្រុមអ្នកចរចាអ៊ីរ៉ង់ នៅប្រទេសស្វីសនៅថ្ងៃសុក្រនេះ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្មុគស្មាញ លើការអនុវត្តកិច្ចព្រមព្រៀង ១៤ ចំណុច បើកផ្ទាំងថ្មី ដែលធ្វើឡើងរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ចប់សង្គ្រាម, នេះបើតាមអ្នកនាំពាក្យសេតវិមាន។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា មន្ត្រីអាមេរិកបាននិយាយ នៅសប្តាហ៍នេះថា ពួកគេនឹងរៀបចំពិធីចុះហត្ថលេខាជាផ្លូវការសម្រាប់កិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប៉ុន្តែក្រសួងការបរទេសអ៊ីរ៉ង់ បានបង្ហាញការសង្ស័យលើរឿងនោះ ដោយនិយាយថា វាមិនចាំបាច់ទេ បន្ទាប់ពីប្រធានាធិបតីនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃពុធរួចហើយ។
អ៊ីរ៉ង់បាននិយាយថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាបច្ចេកទេស បន្ទាប់ពីសត្រូវទាំងពីរ បានពង្រីកបទឈប់បាញ់ដ៏ទន់ខ្សោយយ៉ាងហោចណាស់ ៦០ ថ្ងៃថែមទៀត ជាមួយនឹងកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ មុនពេលការប្រកាសរបស់លោក Vance ថា អ្នកចរចាអ៊ីរ៉ង់ត្រូវឃើញសញ្ញា នៃការអនុវត្តកិច្ច ព្រមព្រៀងបណ្តោះអាសន្នពីសហរដ្ឋអាមេរិក មុនពេលការចរចាសន្តិភាពជុំបន្ទាប់អាចចាប់ផ្តើម ហើយថាមិនមានការបញ្ជាក់ថាគណៈប្រតិភូរបស់ខ្លួន នឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវនោះទេ។
អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃព្រហស្បតិ៍ថា លោក Vance និងគណៈប្រតិភូសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាកចេញភ្លាមៗនៅពេលដែលផែនការសម្រាប់កិច្ចចរចាត្រូវបានបញ្ចប់។ សេចក្តីថ្លែងការណ៍នេះបាននិយាយថា “ប៉ុន្តែភស្តុភារនៃការចរចាទាំងនេះមិនដែលសាមញ្ញ ឬអាចទស្សន៍ទាយបានទេ”។ មិនមានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលអ៊ីរ៉ង់ទេ។
