ប្រភពថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បង្កើតក្រុមថ្មី សម្ងាត់នៅក្នុងប្រទេសអ៊ីរ៉ាក់ ធ្វើការវាយប្រហារ លើបណ្តាប្រទេសឈូងសមុទ្រពែក្ស ដែលទទួលកងកម្លាំងអាមេរិក
បរទេស៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្កើតក្រុមថ្មី សម្ងាត់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីធ្វើការវាយប្រហារ លើបណ្តាប្រទេសឈូងសមុទ្រពែក្ស ដែលទទួលកងកម្លាំងអាមេរិក ដោយរំលងបណ្តាញកងជីវពលដែលបានបង្កើតឡើង ដើម្បីជៀសវាងការរកឃើញ, នេះបើយោងតាមប្រភពព័ត៌មានអ៊ីរ៉ាក់ចំនួនប្រាំបី បានប្រាប់រ៉យទ័រ ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមបី ឬបួន ដែលនីមួយៗមានអ្នកប្រយុទ្ធមូស្លីមស៊ីអ៊ីតអ៊ីរ៉ាក់ចំនួនប្រហែល ១០ នាក់ បានបើកការវាយប្រហារដោយយន្តហោះ គ្មានមនុស្សបើកយ៉ាងហោចណាស់ប្រាំពីរលើក ពីទីតាំងវាលខ្សាច់ក្បែរទីក្រុងភាគខាងត្បូង នៃទីក្រុងបាស្រា និងសាម៉ាវ៉ា ប្រឆាំងនឹងទីតាំងនានា នៅក្នុងប្រទេសគុយវ៉ែត អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ចន្លោះថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី ១៧ ខែឧសភា នេះបើយោងតាមប្រភពចំនួនបី។
សមាជិកមួយចំនួនរបស់ពួកគេ ត្រូវបានដកចេញពីក្រុមតស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាក្រុមឆ័ត្រនៃក្រុមស៊ីអ៊ីតរឹងរូស ដែលមានអ្នកប្រយុទ្ធរាប់ពាន់នាក់។ ប៉ុន្តែក្រុមថ្មីទាំងនេះធ្វើប្រតិបត្តិការនៅខាងក្រៅរចនាសម្ព័ន្ធបញ្ជាការរបស់ខ្លួន ដោយរាយការណ៍ដោយផ្ទាល់ទៅ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នេះបើយោងតាមប្រភព ដែលរួមមានមន្ត្រីយោធាអ៊ីរ៉ាក់ពីរនាក់ មន្ត្រីសន្តិសុខម្នាក់ទៀត និងមេបញ្ជាការកងជីវពលមូលដ្ឋានចំនួនប្រាំនាក់។
មេបញ្ជាការកងជីវពល ទាំងប្រាំរូបបាននិយាយថា ការបង្កើតក្រុមថ្មីរបស់អ៊ីរ៉ាក់ ដែលមិនធ្លាប់មានរបាយការណ៍ពីមុនមក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ យុទ្ធសាស្ត្ររបស់ IRGC ដែលមានគោលបំណងរក្សាសមត្ថភាព របស់អ៊ីរ៉ង់ក្នុងការដាក់ពង្រាយកម្លាំងនៅទូទាំងតំបន់ នៅពេលដែលក្រុមប្រូកស៊ី ប្រដាប់អាវុធរបស់ខ្លួនត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយធនធានយោធា និងសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានបំផ្លាញ។
ប្រែសម្រួលៈ ណៃ តុលា
