ព័ត៌មានអន្តរជាតិ

ឥណ្ឌា​ នឹង​ពង្រីក​ទុនបម្រុង​ប្រេង ​យុទ្ធសាស្ត្រថាមពល បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ា

បរទេស៖ របាយការណ៍មួយបានឲ្យដឹងថា ប្រទេសឥណ្ឌាបានណែនាំសាជីវកម្មប្រេង និងឧស្ម័នធម្មជាតិដែលគាំទ្រដោយរដ្ឋ ឱ្យសាងសង់ និងបំពេញកន្លែងបម្រុងប្រេងយុទ្ធសាស្ត្រ (SPR) មួយផ្សេងទៀត ដែលនឹងពង្រីកសមត្ថភាពបម្រុងរបស់ខ្លួនមួយភាគបី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ថា ក្រុមហ៊ុនរុករក និងផលិតប្រេងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ ដើម្បីអនុវត្តការណែនាំរបស់រដ្ឋាភិបាលសហព័ន្ធ។ ទីក្រុងញូវដេលី កំពុងផ្តល់អាទិភាពដល់សន្តិសុខថាមពល បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យទុនបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនថយចុះ និងបង្ហាញពីភាពងាយរងគ្រោះរបស់ខ្លួនចំពោះវិបត្តិប្រេង។

កន្លែងក្រោមដីដែលបានស្នើឡើងចំនួន ១,៧៥ លានម៉ែត្រតោន (MMT) នៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូង Mangaluru ត្រូវបានគេរំពឹងថា នឹងបង្កើនសមត្ថភាពបម្រុងសង្គ្រោះបន្ទាន់បច្ចុប្បន្នរបស់ទីក្រុងញូវដេលីចំនួន ៥,៣៣ លានម៉ែត្រតោន មួយភាគបី នេះបើយោងតាមការចុះផ្សាយរបស់ The Economic Times។

យោងតាមការប៉ាន់ស្មានដោយផ្អែកលើតម្លៃប្រេងបច្ចុប្បន្ន ONGC នឹងត្រូវការ ៦០២ លានដុល្លារសម្រាប់ការសាងសង់ និង ១,២ ពាន់លានដុល្លារសម្រាប់បំពេញកន្លែងនេះដោយប្រេងឆៅ។
ប្រែសម្រួលៈ ណៃ តុលា

To Top