ពលរដ្ឋជប៉ុន តវ៉ាប្រឆាំងនឹងសមយុទ្ធយោធា ទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិក
តូក្យូ ៖ ប្រជាពលរដ្ឋក្នុងតំបន់នានានៅក្នុងប្រទេសជប៉ុន បានសម្តែងការជំទាស់ ចំពោះសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរវាងសហរដ្ឋអាមេរិក និងជប៉ុន ដែលបានចាប់ផ្តើមនៅថ្ងៃសៅរ៍ នៅទូទាំងតំបន់ Kyushu នៅភាគនិរតីនៃប្រទេសជប៉ុន និងខេត្ត Okinawa។
ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យផ្អាកសមយុទ្ធ Resolute Dragon ដោយព្រមានថាវាអាចបង្កើនភាពតានតឹងក្នុងតំបន់ និងបង្កើនហានិភ័យសន្តិសុខ សម្រាប់សហគមន៍ក្នុងតំបន់។
ប្រជាជននៃទីក្រុង Yamato ក្នុងខេត្ត Kumamoto ថ្មីៗនេះបានដាក់សេចក្តីថ្លែងការណ៍តវ៉ាទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដោយសម្តែងការព្រួយបារម្ភអំពីការហោះហើរហ្វឹកហាត់រយៈកម្ពស់ទាបដោយយន្តហោះដឹកជញ្ជូនយោធាសហរដ្ឋអាមេរិក ដែលបានគ្រោងទុកជាផ្នែកមួយនៃសមយុទ្ធ។

ក្រុមអ្នកតវ៉ាក៏បានឧ្យដឹងផងដែរថា សមយុទ្ធរួមគ្នាអាចធ្វើឱ្យស្ថានការណ៍ ក្នុងតំបន់កាន់តែអស្ថិរភាព និងធ្វើឱ្យទំនាក់ទំនងរបស់ជប៉ុន ជាមួយប្រទេសជិតខាងកាន់តែអាក្រក់ទៅៗ។
កាលពីដើមខែនេះ ក្រុមពលរដ្ឋមួយក្រុមនៅក្នុងទីក្រុង Ishigaki ខេត្ត Okinawa បានធ្វើសន្និសីទសារព័ត៌មានមួយដោយទាមទារឱ្យលុបចោលសមយុទ្ធនេះ ដោយរិះគន់ពីផលប៉ះពាល់ ដែលអាចកើតមានរបស់វាទៅលើជីវិតប្រចាំថ្ងៃ និងអារម្មណ៍សុវត្ថិភាពរបស់ប្រជាជន។ ការតវ៉ា និងញត្តិស្រដៀងគ្នានេះក៏ត្រូវបានរៀបចំឡើងដោយក្រុមពលរដ្ឋ និងប្រជាជននៅលើកោះ Miyako និងនៅតំបន់ផ្សេងទៀតនៃកោះ Okinawa ផងដែរ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បុគ្គលិកប្រហែល ៩៦០០នាក់មកពីកងកម្លាំងការពារខ្លួនលើដីគោករបស់ជប៉ុន និងកងម៉ារីនសហរដ្ឋអាមេរិក កំពុងចូលរួមក្នុងសមយុទ្ធ Resolute Dragon។ សមយុទ្ធនេះ ដែលផ្តោតសំខាន់លើអ្វីដែលហៅថា “ការការពារកោះដាច់ស្រយាល” ត្រូវបានគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ៣០ខែមិថុនា។
សមយុទ្ធយោធារួមគ្នារវាងជប៉ុន និងសហរដ្ឋអាមេរិកត្រូវបានធ្វើឡើងជាញឹកញាប់នៅទូទាំងប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលទាក់ទាញការប្រឆាំងជាបន្តបន្ទាប់ និងការព្រួយបារម្ភយ៉ាងខ្លាំងពីប្រជាជនក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា
