ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប និងតួគី រៀបចំធ្វើសមយុទ្ធដែនអាកាសរួមគ្នា ទោះមិនសូវមានទំនាក់ទំនងល្អដាក់គ្នានៅឡើយក្តី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងកងម្លាំងយោធាអេហ្ស៊ីបបានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីបនិងតួគីបានបញ្ចប់សមយុទ្ធយោធាផ្លូវអាកាសរួមគ្នារយៈពេលច្រើនថ្ងៃដែលបានធ្វើឡើងនៅទូទាំងមូលដ្ឋានទ័ពអាកាសអេហ្ស៊ីបមួយចំនួន។

សមយុទ្ធបានបង្ហាញពីស្ថានភាពជាយុទ្ធសាស្ត្ររួម និងសកម្មភាពអាកាសចរណ៍ ដែលពាក់ព័ន្ធនឹងការជ្រើសរើសយន្តហោះចម្បាំង ពហុមុខងារចុងក្រោយបង្អស់ពីប្រទេសទាំងពីរ ដោយផ្តល់ឱកាសដើម្បីផ្លាស់ប្តូរជំនាញយុទ្ធសាស្ត្ររវាងគ្នា។

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថាសមយុទ្ធនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពអាកាសអេហ្ស៊ីប និងសមភាគីរបស់ខ្លួនមកពីបណ្តាប្រទេសជាមិត្ត។

រំលឹកថាអេហ្ស៊ីប និងតួគីបានផ្អាកទំនាក់ទំនងគ្នា អស់រយៈពេលជិតមួយទសវត្សរ៍ក្រោយឆ្នាំ២០១៣។ ទំនាក់ទំនងទ្វេភាគីបានប្រសើរឡើង បន្តិចម្តងៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយឈានដល់ការតែងតាំងឯកអគ្គរដ្ឋទូតទៅវិញទៅមកនៅឆ្នាំ២០២៣កន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

To Top