ព័ត៌មានអន្តរជាតិ

​ មុនការចរចានៅស្វីស​ លោក ត្រាំ គំរាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត និងដណ្តើមយកច្រកសមុទ្រហ័រមូស មកកាន់កាប់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ កាលពីថ្ងៃអាទិត្យ បានគំរាមកំហែងអ៊ីរ៉ង់លើច្រកសមុទ្រហ័រមូស ខណៈដែលការចរចា រវាងប្រទេសទាំងពីរបានចាប់ផ្តើមនៅប្រទេសស្វីស។

លោក ត្រាំ បានប្រាប់ Fox News ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា សហរដ្ឋអាមេរិក «អាចនឹងដណ្តើមយកច្រកសមុទ្រនេះ ប្រសិនបើយើងត្រូវធ្វើ»។

ប្រធានាធិបតីអាមេរិករូបនេះ បានលេីកឡេីងថា លោកបានប្រាប់មន្ត្រីអ៊ីរ៉ង់ពេញមួយយប់ថា «បើអ្នកបិទវា អ្នកនឹងមិនមានប្រទេសទេ»។ លោកប្រធានាធិបតីមិនបានបញ្ចេញឈ្មោះជនជាតិអ៊ីរ៉ង់​ ដែលលោកបាននិយាយជាមួយនោះទេ។

លោក បានបន្ដថា ប្រសិនបើការចរចាជាមួយអ៊ីរ៉ង់ បរាជ័យ ទីក្រុងវ៉ាស៊ីនតោននឹងយកពន្ធ ២០ភាគរយលើប្រេង ដែលឆ្លងកាត់ផ្លូវទឹក ថាមពលសកលដ៏សំខាន់នេះ។ ប្រហែលមួយភាគប្រាំ នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកបានឆ្លងកាត់ច្រកសមុទ្រនេះ មុនពេលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ បើកការវាយប្រហារ ដ៏ធំលើអ៊ីរ៉ង់នៅថ្ងៃទី២៨​ ខែកុម្ភៈ។

ទីក្រុងតេអេរ៉ង់​ បានប្រកាស នៅថ្ងៃសៅរ៍សប្ដាហ៍មុនថា ខ្លួនកំពុងបិទច្រកសមុទ្រនេះ ដោយសារតែការវាយប្រហារ ជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើប្រទេសលីបង់។

នៅថ្ងៃអាទិត្យ លោក ត្រាំ​ ក៏បានព្រមានផងដែរថា អ៊ីរ៉ង់អាចនឹងប្រឈមមុខនឹងការវាយប្រហារស្រដៀងគ្នា ឬខ្លាំងជាងនេះ ប្រសិនបើវាមិនបញ្ឈប់ក្រុមហេសបូឡា​ ពីការបង្កបញ្ហានោះទេ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top