ចិនដាក់ចេញការគ្រប់គ្រង ការនាំចេញប្រឆាំង នឹងក្រុមហ៊ុនផលិតរ៉ែ កម្រចំនួន២ របស់សហរដ្ឋអាមេរិក
បរទេស៖ ប្រទេសចិនបានដាក់ចេញ នូវការគ្រប់គ្រងការនាំ ចេញប្រឆាំងនឹងក្រុមហ៊ុនផលិតរ៉ែកម្ររបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង ដោយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ជំនួស សម្រាប់រ៉ែសំខាន់ៗ។
យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ថា ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន MP Materials និង USA Rare Earth ត្រូវបានបន្ថែមទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ប្រទេសចិន ដើម្បី “ការពារសន្តិសុខ និងផលប្រយោជន៍ជាតិ”។
ការសម្រេចចិត្តនេះបញ្ចប់ភាពស្ងប់ស្ងាត់ រយៈពេលជាច្រើនខែ នៃការប្រើប្រាស់ការរឹតបន្តឹងបែបនេះ របស់ប្រទេសចិនប្រឆាំង នឹងក្រុមហ៊ុនអាមេរិក បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីខែតុលា រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ការផ្លាស់ប្តូរនេះគឺជាការឆ្លើយតប ទៅនឹងការសម្រេចចិត្ត របស់មន្ទីរបញ្ចកោណក្នុងខែនេះ ដើម្បីបន្ថែមក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសចិនទៅក្នុងបញ្ជីក្រុមហ៊ុនដែលខ្លួនចោទប្រកាន់ថាគាំទ្រយោធាចិន។
ការតែងតាំងរបស់ប្រទេសចិនដោយមានប្រសិទ្ធភាពភ្លាមៗ ហាមឃាត់ក្រុមហ៊ុនអាមេរិកទាំងនេះ ពីការចូលប្រើរបស់របរ ដែលអាចប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្ម និងយោធា។
បទបញ្ជានេះក៏ហាមឃាត់អង្គការ និងបុគ្គល នៅជុំវិញពិភពលោកពីការផ្ទេរ ឬផ្តល់ឱ្យពួកគេនូវរបស់របរ ប្រើប្រាស់ពីរយ៉ាងដែលមានប្រភពមកពីប្រទេសចិន ដែលពង្រីកវិសាលភាពនៃការគ្រប់គ្រងការនាំចេញហួសពីព្រំដែនចិន។
ប្រែសម្រួលៈ ណៃ តុលា
