ព័ត៌មានអន្តរជាតិ

ប្រមុខអង្គការសហប្រជាជាតិ​ ជំរុញឧ្យមានឆន្ទៈនយោបាយ​ ដើម្បីពន្លឿន និងបញ្ចប់ការប្រយុទ្ធប្រឆាំង នឹងមេរោគអេដស៍ទូទាំងពិភពលោក

អង្គការសហប្រជាជាតិ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យមានឆន្ទៈនយោបាយដើម្បីពន្លឿន និងបញ្ចប់ការប្រយុទ្ធប្រឆាំង នឹងមេរោគអេដស៍ទូទាំងពិភពលោក នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

លោក Guterres បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ​ ដែលថ្លែងដោយលោកស្រី Amina Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកម្រិតខ្ពស់​ ស្តីពីមេរោគអេដស៍/ជំងឺអេដស៍ថា “នេះគឺជាកិច្ចប្រជុំមួយដែលកំពុងប្រព្រឹត្តទៅ​ ដើម្បីស្វែងរកដំណោះស្រាយ និងអំពាវនាវឱ្យមានឆន្ទៈនយោបាយម្តងទៀត​ ដើម្បីពន្លឿន និងបញ្ចប់ការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ទូទាំងពិភពលោក”។

លោក Guterres បានលេីកឡេីងថា ក្នុងរយៈពេល ៤៥ឆ្នាំចាប់តាំងពីករណីជំងឺអេដស៍ដំបូង ត្រូវបានរាយការណ៍ ពិភពលោកបានបង្ហាញ ពីដំណោះស្រាយ និងសាមគ្គីភាពមិនធម្មតា ដែល “មិនមែនជារឿងងាយស្រួលនោះទេ”។

លោក​បាន​បន្ដ​ថា ដោយសារ​ការ​ប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ និង​ការ​តាំង​ចិត្ត​ដែល​បង្ហាញ​ដោយ​រដ្ឋាភិបាល និង​ការ​វិនិយោគ​របស់​ដៃគូ​សកល ការ​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ ​ត្រូវ​បាន​កាត់​បន្ថយ​ចំនួន ៧០ភាគរយ​ចាប់​តាំង​ពី​កម្រិត​កំពូល​របស់​ខ្លួន​នៅ​ឆ្នាំ២០០៤​ និង​ចំនួន ៥៤ភាគរយ​នៅ​ឆ្នាំ២០១០។

យោង​តាម​លោក​អគ្គលេខាធិការ សេវា​បង្ការ និង​ព្យាបាល​ជំងឺ​អេដស៍​បាន​កាត់​បន្ថយ​ការ​ឆ្លង​ថ្មី​ចំនួន ៤០ភាគរយ​ចាប់​តាំង​ពី​ឆ្នាំ២០១០​ ហើយ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជាង ៣២លាន​នាក់​ដែល​រស់នៅ​ជាមួយ​នឹង​ជំងឺ​អេដស៍​កំពុង​ទទួល​បាន​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ ដែល​អាច​សង្គ្រោះ​ជីវិត​បាន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top