លោក Ding Xuexiang អញ្ជើញជាអធិបតី ក្នុងពិធីបើកពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកទី៤ ព្រមនិងថ្លែងសុន្ទរកថា គន្លឹះ
ថ្ងៃទី ២២ ខែមិថុនា ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិន អន្តរជាតិលើកទី៤ បានបើកធ្វើនៅក្រុងប៉េកាំង លោក Ding Xuexiang សមាជិកអចិន្តៃ្រយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញ ចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។
លោក Ding Xuexiang បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកមានភាពស្មុគស្មាញនិងប្រែប្រួលច្រើន ខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ប្រឈមនឹងហានិភ័យបែកខ្ញែកកាន់តែខ្លាំងឡើងៗ ។ ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ប្រទេសចិនបានប្រើប្រាស់ឧត្តមភាពរបស់ខ្លួន ដូចជាប្រព័ន្ធឧស្សាហកម្មពេញលេញ និងទីផ្សារទ្រង់ទ្រាយធំជាដើមប្រកបដោយប្រសិទ្ធភាព ហើយបានគាំពារយ៉ាងមុតមាំនូវស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកលតាមរយៈប្រតិបតិ្តការជាក់ស្តែង ។
លោក Ding Xuexiang បានលើកសំណើបួនចំណុច៖ ទីមួយ បង្កើនទំនុកចិត្តចំពោះគ្នា បង្ការកុំឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្លាយទៅជាបញ្ហានយោបាយ ឬបញ្ហាអាវុធនិងបញ្ហាសន្តិសុខជ្រុល រួមគ្នាគាំពារលក្ខណៈជាផលិតផលសាធារណៈសកលនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ ទីពីរ បង្កើនភាពរលូននៃពាណិជ្ជកម្ម គាំពារនិងអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដ បង្កបរិយាកាសទីផ្សារប្រកបដោយសមភាព បើកទូលាយ និងអាចប៉ាន់ប្រមាណបាន ជំរុញសេរីភាព និងកិច្ចសម្រួលពាណិជ្ជកម្មនិងការបណ្តាក់ទុន ។ ទីបី បង្កើនការអភិវឌ្ឍដោយរួមបញ្ចូលគ្នា រួមគ្នាបង្កើតអេកូឡូស៊ីឧស្សាហកម្ម ដែលបំពេញ បន្ថែមឧត្តមភាពទៅវិញទៅមក ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដើម្បីឱ្យប្រទេសនិងប្រជាជន កាន់តែច្រើនអាចទទួលបានផលប្រយោជន៍ពីសមិទ្ធផលនៃការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ។ ទីបួន បង្កើនការចែករំលែកប្រភពធនធាន គាំពារការបើកទូលាយនៃទីផ្សារថាមពលសកល ការតភ្ជាប់គ្នានិងការដំណើរការដោយនឹងនរ ក្នុងន័យបង្កលក្ខណសម្បតិ្តដ៏ល្អប្រសើរ ដើម្បីគាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ៕
