ព័ត៌មានអន្តរជាតិ

លោក Lavrov លើកឡើងថាប្រទេសរុស្សី ត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារប្រទេស បេឡារុស ពីប្រទេសអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានថា ប្រទេសរុស្ស៊ីបានត្រៀម ខ្លួនរួចជាស្រេច ដើម្បីទាមទារការធានាសន្តិសុខរបស់ខ្លួន ដល់ប្រទេសបេឡារុស ប្រសិនបើអ៊ុយក្រែនធ្វើតាមការគំរាមកំហែង វាយប្រហារលើទឹកដីរបស់ខ្លួន។

លោក Lavrov បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងកិច្ចពិភាក្សាតុមូលស្តីពីតួនាទី របស់លោកខាងលិច ក្នុងជម្លោះអ៊ុយក្រែនកាលពីថ្ងៃចន្ទ ។
លោកបានធ្វើការអត្ថាធិប្បាយ លើការទាមទាររបស់ Vladimir Zelensky ឱ្យរដ្ឋាភិបាលទីក្រុង Minsk រុះរើឬបិទនូវអ្វីដែលទីក្រុងគៀវ អះអាងថាជាស្ថានីយ៍បញ្ជូន ដែលភ្ជាប់ជាមួយរុស្ស៊ី នៅតាមបណ្តោយព្រំដែន បេឡារុសអ៊ុយក្រែន។
Zelensky បានថែមទាំងផ្តល់ឱ្យបេឡារុស ពេលមួយ សប្តាហ៍ដើម្បីធ្វើសកម្មភាព ដោយព្រមានថា អ៊ុយក្រែននឹងបំផ្លាញ ឧបករណ៍ទាំងនោះដោយខ្លួនឯងទៀតផង។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានពណ៌នាឱសានវាទថា ជាការគំរាមកំហែងប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយ ដោយបញ្ជាក់ថា ៖ នេះគឺជាក់ស្តែងមានគោលបំណង អូសបេឡារុស ដោយផ្ទាល់ទៅក្នុងជម្លោះ និងពង្រីកភូមិសាស្ត្រនៃវិបត្តិដោយសង្គ្រាម។

លោករដ្ឋមន្ត្រីក៏បានកត់សម្គាល់ដែរថា ប្រទេសរុស្ស៊ី និងបេឡារុស មានសន្ធិសញ្ញាធានាសន្តិសុខជាធរមានតាំងពីខែមីនា ឆ្នាំ២០២៥ ក្រោមក្របខណ្ឌរដ្ឋសហភាពរវាងគ្នា៕

ប្រែសម្រួល៖ស៊ុនលី

To Top