Feature

គ្មានប្រទេសណាមួយអាចគិតថ្លៃសេវានៅលើច្រកសមុទ្រហ័រមូសបាននោះទេ

អាប៊ូដាប៊ី៖​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឧ្យដឹងថា គ្មានប្រទេសណាមួយអាចដាក់ពន្ធលើកប៉ាល់ដែលប្រើប្រាស់ច្រកសមុទ្រហ័រមូសបាននោះទេ ខណៈដែលលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់សម្ព័ន្ធមិត្តឈូងសមុទ្រ បន្ទាប់ពីមាន “វឌ្ឍនភាពដ៏គួរឱ្យលើកទឹកចិត្ត” ថ្មីៗនៅក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានធ្វើឡើងនៅប្រទេសស្វីស។ 

លោក Rubio បានប្រាប់អ្នកយកព័ត៌មាននៅពេលទៅដល់ទីក្រុងអាប៊ូដាប៊ី​ ថា​ “វាជាផ្លូវទឹកអន្តរជាតិ។ គ្មានប្រទេសណាមួយត្រូវបានអនុញ្ញាតឱ្យគិតថ្លៃសេវា ឬថ្លៃសេវាលើផ្លូវទឹកអន្តរជាតិនោះទេ។ នោះជាច្បាប់អន្តរជាតិដែលមានស្រាប់”។

លោក Rubio ត្រូវជួបជាមួយមេដឹកនាំអេមីរ៉ាតនៅថ្ងៃពុធនេះ មុនពេលធ្វើដំណើរទៅកាន់ប្រទេសគុយវ៉ែត និងបារ៉ែន ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។

រដ្ឋឈូងសមុទ្រជាច្រើន​ ដែលមានមូលដ្ឋានទ័ពសហរដ្ឋអាមេរិក​ បានរងការបាញ់តបតវិញពីអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល​ លើអ៊ីរ៉ង់នៅថ្ងៃទី២៨​ ខែកុម្ភៈ ដែលក្នុងនោះប្រទេសអារ៉ាប់រួម (UAE) ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម លោក Sheikh Abdullah bin Zayed Al Nahyan បានពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ (MoU)។

ក្រសួងការបរទេសអេហ្ស៊ីប​ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទ មេដឹកនាំទាំងពីរបានគូសបញ្ជាក់ពីការសម្របសម្រួលជាបន្តបន្ទាប់​ ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមក្នុងតំបន់បច្ចុប្បន្ន ដើម្បីសម្រេចបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

គួរបញ្ជាក់ថា​ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីសប្តាហ៍មុន ដើម្បីបញ្ចប់អរិភាពលើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ ដែលបើកផ្លូវសម្រាប់កិច្ចចរចាកម្រិតខ្ពស់នៅរមណីយដ្ឋាន Burgenstock ប្រទេសស្វីស​៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top