Feature

ព្រឹទ្ធសភាអាមេរិក​ អនុម័តសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមរបស់លោក​ ដូណាល់​ ត្រាំ​ លើប្រទេសអ៊ីរ៉ង់

វ៉ាស៊ីនតោន៖​ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីសម្រេច​ ស្តីពីអំណាចសង្គ្រាមលើប្រទេសអ៊ីរ៉ង់ ដោយរឹតត្បិតលោកប្រធានាធិបតី ដូណាល់ ត្រាំ ពីការចាប់ផ្តើមប្រតិបត្តិការយោធាបន្ថែមទៀតនៅក្នុងប្រទេសអ៊ីរ៉ង់​ ដោយគ្មានការយល់ព្រមពីសភា។

ការអនុម័តសេចក្តីសម្រេចនេះបានសម្គាល់ជាលើកដំបូងដែលវិធានការបែបនេះបានអនុម័តសភាទាំងពីរចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ហើយបានបង្ហាញពីការប្រឆាំងកាន់តែខ្លាំងឡើង​ ចំពោះការដោះស្រាយសង្គ្រាមរបស់លោក ត្រាំ។

សេចក្តីសម្រេចស្តីពីអំណាចសង្គ្រាមលេីអ៊ីរ៉ង់​ បានអនុម័តនៅក្នុងព្រឹទ្ធសភាដោយការបោះឆ្នោត ៥០​ ទល់នឹង ៤៨​ ដោយមានសមាជិកសាធារណរដ្ឋ​ ៤រូបចូលរួមជាមួយសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យភាគច្រើនក្នុងការគាំទ្រវិធានការនេះ។ សមាជិកប្រជាធិបតេយ្យម្នាក់បានបោះឆ្នោតប្រឆាំងនឹងវា។

សេចក្តីសម្រេចនេះ “តម្រូវប្រធានាធិបតីឱ្យដកកងកម្លាំងប្រដាប់អាវុធអាមេរិកចេញពីអរិភាពនៅក្នុង ឬប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ លុះត្រាតែមានការប្រកាសសង្គ្រាម ឬការអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងយោធាសម្រាប់គោលបំណងបែបនេះត្រូវបានអនុម័ត” នេះបើយោងតាមសេចក្តីសង្ខេបនៃច្បាប់ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់សភាអាមេរិក។ 

វាក៏បញ្ជាក់ជាថ្មីនូវសិទ្ធិអំណាចរដ្ឋធម្មនុញ្ញរបស់សភាក្នុងការប្រកាសសង្គ្រាម និងផ្តួចផ្តើមអរិភាពយោធា ដោយអ្នកគាំទ្របានអះអាងថា សង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់គឺស្មើនឹង “សង្គ្រាមជម្រើស” ដែលគ្មានការអនុញ្ញាត។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយចំនួនបានពិពណ៌នាអំពីការអនុម័តសេចក្តីសម្រេចនេះថាជានិមិត្តរូប​ ក្នងនោះសារព័ត៌មាន CBS News បានរាយការណ៍ថា​ សេចក្តីសម្រេចនេះ​ ទំនងជានិមិត្តរូបមួយ ដោយសាររដ្ឋបាលអាមេរិកអះអាងថា កងកម្លាំងសហរដ្ឋអាមេរិក​ មិនកំពុងចូលរួមក្នុងអរិភាពជាមួយអ៊ីរ៉ង់នាពេលបច្ចុប្បន្ននេះទេ»៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top