គុយបា រិះគន់ទណ្ឌកម្មថ្មី របស់សហរដ្ឋអាមេរិក លេីក្រុមហ៊ុនរដ្ឋគុយបា មានបំណងធ្វេីឧ្យខូចសេដ្ឋកិច្ចរបស់ខ្លួន
ហាវ៉ាណា៖ ប្រទេសគុយបាបានថ្កោលទោសទណ្ឌកម្មចុងក្រោយបំផុត ដែលដាក់ដោយសហរដ្ឋអាមេរិក លើអង្គភាពរដ្ឋគុយបាចំនួន៥ និងសមាជិកគ្រួសារធំរបស់អតីតប្រធានាធិបតីគុយបា លោក Raul Castro ដោយអះអាងថា វិធានការទាំងនេះមានគោលបំណងធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេសនេះបន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឧ្យដឹងនៅលើបណ្ដាញសង្គម X ដោយសំដៅទៅលើទណ្ឌកម្មដែលទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសមិនស្មោះត្រង់ និងភូតភររបស់ខ្លួន ពោលគឺលោក Marco Rubio បន្តចាត់វិធានការ ដើម្បីរឹតបន្តឹងសេដ្ឋកិច្ចគុយបា”។
លោក Rodriguez បានលេីកឡេីងថា ទណ្ឌកម្មទាំងនេះបានកើតឡើងនៅពេលដែលប្រទេសគុយបា “បានបង្ហាញថាមានភាពរឹងមាំ មានសមត្ថភាព និងមានប្រសិទ្ធភាពជាងការរំពឹងទុក នៅចំពោះមុខការឈ្លានពានដ៏ឃោរឃៅ និងការដាក់ទណ្ឌកម្មរួមគ្នាប្រឆាំងនឹងប្រជាជន និងលក្ខខណ្ឌរស់នៅរបស់ពួកគេ” ដោយបន្ថែមថា “អ្វីដែលបុគ្គលនេះកំពុងជំរុញពីមហាអំណាចដ៏អស្ចារ្យបំផុតរបស់ពិភពលោក គឺជាឧក្រិដ្ឋកម្ម”។
យោងតាមសន្លឹកព័ត៌មានដែលបាន ចេញផ្សាយកាលពីថ្ងៃអង្គារដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ទណ្ឌកម្មទាំងនេះផ្តោតលើអង្គភាព រដ្ឋគុយបាចំនួន៥ ដែលក្នុងនោះក្រុមហ៊ុនចំនួន ៣ មានទំនាក់ទំនងជាមួយក្រុមហ៊ុន Grupo de Administracion Empresarial S.A. និងពីរទៀតមានទំនាក់ទំនងជាមួយវិស័យរ៉ែ និងលោហធាតុ៕
ប្រែសម្រួល ឈូក បូរ៉ា
