ព័ត៌មានអន្តរជាតិ

លោក​ ពូទីន​ បញ្ជាឱ្យមានការការពារ​ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបន្ដបើកចំហ​ សម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក​ វ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា រដ្ឋាភិបាល និងក្រសួងការពារជាតិរុស្ស៊ី​ ត្រូវតែដាក់ចេញវិធានការ​ ដើម្បីកាត់បន្ថយផលវិបាកពីការវាយប្រហាររបស់អ៊ុយក្រែន​ ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី​ ខណៈបន្ដបើកចំហ​ សម្រាប់ការចរចាសន្តិភាពជាមួយអ៊ុយក្រែន។

ក្នុងអំឡុងពេលសន្និសីទវីដេអូជាមួយសមាជិករដ្ឋាភិបាល លោក​ ពូទីន​ បានកត់សម្គាល់ថា ស្ថានភាពជួរមុខ​ សម្រាប់អ៊ុយក្រែន​ បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ។ លោកថា ទីក្រុងគៀវបានអនុម័តយុទ្ធសាស្ត្រនៃ ការបើកការវាយប្រហារលើកន្លែងស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រុស្ស៊ី ក្នុងការប៉ុនប៉ងបង្កើតការគំរាមកំហែង ប្រឆាំងនឹងរុស្ស៊ី រំខានដល់ការផ្គត់ផ្គង់ថាមពល និងប៉ះពាល់ដល់រដូវកាលទេសចរណ៍។

លោក​ ពូទីន​ បានលេីកឡេីងថា “ការទទួលខុសត្រូវចម្បង​ សម្រាប់ការកាត់បន្ថយការគំរាមកំហែង ទាំងនេះស្ថិតនៅជាមួយក្រសួងការពារជាតិ និងភ្នាក់ងារសន្តិសុខផ្សេងទៀត។

ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី​ ក៏ត្រូវតែចាត់វិធានការបន្ថែម​ ដើម្បីកាត់បន្ថយ និងកាត់បន្ថយផលវិបាកនៃសកម្មភាពបែបនេះឱ្យដល់សូន្យ” ដោយបន្ថែមថា ការវាយប្រហាររបស់អ៊ុយក្រែន​ ត្រូវបានរចនាឡើង​ ដើម្បីធានាបាននូវឥទ្ធិពលចរចាអំណោយផល​ សម្រាប់ខ្លួននៅក្នុងកិច្ចចរចាសន្តិភាព។

លោក​ ពូទីន​ បានកត់សម្គាល់ថា «វាគ្មានអ្វីក្រៅពីការបំផុសគំនិត​ ដែលបង្កើតឡើងអំពីអត្ថប្រយោជន៍នោះទេ ព្រោះការពិតជាក់ស្តែងនៅលើសមរភូមិបង្ហាញពីរូបភាពខុសគ្នាទាំងស្រុង»។

លោកបានសង្កត់ធ្ងន់ថា អ្វីដែលទីក្រុងគៀវបានធ្វើគឺ «ការវាយប្រហារភេរវកម្ម​ ការកំណត់គោលដៅលើ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដូចជារថយន្ដក្រុង​ ដែលដឹកកុមារបេឡារុស្ស និងសិកដ្ឋាននិស្សិតនៅ Starobelsk មិនអាចផ្លាស់ប្តូរ ឬជះឥទ្ធិពលដល់ការអភិវឌ្ឍនៅជួរមុខបាននោះទេ»៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top