ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមហេសបូឡា​ ទាមទារឱ្យអ៊ីស្រាអែល​ ដកទ័ពទាំងស្រុងចេញពីទឹកដីលីបង់

បេរូត៖ លោក Naim Qassem អគ្គលេខាធិការ ក្រុមហេសបូឡា​ បានឧ្យដឹងថា​ អ៊ីស្រាអែល​ គ្មានជម្រើសអ្វីក្រៅពីដកទ័ព ចេញពីទឹកដីលីបង់ទាំងអស់នោះទេ​ ដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងឈប់បាញ់ត្រូវតែអនុវត្តយ៉ាងពេញលេញ។

លោក Qassem បានឧ្យដឹងក្នុងអំឡុងពេលជួបជុំគ្នា នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតថា “គ្មានជម្រើសណាមួយនៅចំពោះមុខអ៊ីស្រាអែលទេ លើកលែងតែការដកទ័ពចេញពីទឹកដី លីបង់ ទាំងអស់ដោយមិនរក្សាសូម្បីតែមួយអ៊ីញក្រោមលេសណាមួយនោះឡេីយ”។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក al-Manar លោក Qassem បានលេីកឡេីងថា ក្រុមហេសបូឡា និងលីបង់​ បានចូលដល់ “ដំណាក់កាលថ្មីមួយ” ដែលសម្គាល់ដោយអ្វីដែលលោកបានពិពណ៌នាថា​ ជាការបរាជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល​ ក្នុងការលុបបំបាត់ក្រុមនេះ។

លោកបានគូសបញ្ជាក់ថា “គម្រោងដ៏សំខាន់ដែលមានគោលបំណងបញ្ចប់ក្រុមហេសបូឡា​ ទាំងផ្នែកយោធា នយោបាយ វប្បធម៌ សង្គម និងមនុស្សជាតិ ត្រូវបានបំផ្លាញ” ដោយអះអាងថា អ៊ីស្រាអែល​ បានបរាជ័យក្នុងការសម្រេច គោលបំណងរបស់ខ្លួន ទោះបីជាមានសម្ពាធយោធាជាច្រើនឆ្នាំក៏ដោយ។

លោកបានអះអាងថា ការតស៊ូនៅតែជាការធានាតែមួយគត់សម្រាប់ការរំដោះ ឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសលីបង់ ខណៈពេលដែលរិះគន់សហរដ្ឋអាមេរិក និងតួអង្គអន្តរជាតិដទៃទៀត​ ចំពោះអ្វីដែលលោកបានពិពណ៌នាថា​ ជាការបរាជ័យក្នុងការគោរពការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងឈប់បាញ់នៅឆ្នាំ ២០២៤។

លោកក៏បានសរសើរការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមហេសបូឡា និងលីបង់​ ក្នុងអំឡុងពេលជម្លោះ ដោយលោកបានលេីកឡេីងថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបាន រួមចំណែកដល់លទ្ធផល នៃការប្រឈមមុខដាក់គ្នា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top