រញ្ជួយដីដ៏ខ្លាំងក្លា ចំនួនពីរកម្រិត ៧.២ រ៉ិចទ័រ និង ៧.៥ រ៉ិចទ័រ វាយប្រហារប្រទេស វ៉េណេស៊ុយអេឡា បានបំផ្លាញអគារជាច្រើន នៅក្នុងទីក្រុងការ៉ាកាស
បរទេស៖ រញ្ជួយដីដ៏ខ្លាំងក្លាពីរបានវាយប្រហារឆ្នេរសមុទ្រភាគខាងជើង របស់ប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលតិចជាងមួយនាទី កាលពីថ្ងៃពុធ ដោយបានបំផ្លាញអគារ ជាច្រើននៅក្នុងទីក្រុងការ៉ាកាស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ថា រញ្ជួយដីលើកដំបូងមានទំហំ ៧.២ រ៉ិចទ័រ បន្ទាប់មកមួយសន្ទុះក្រោយមក មានការរញ្ជួយដីទំហំ ៧.៥ រ៉ិចទ័រ។
វីដេអូពីកន្លែងកើតហេតុបង្ហាញពីស្នាមប្រេះធំៗនៅលើជញ្ជាំងអគារខ្ពស់ៗ និងផ្សែងហុយចេញពីដងផ្លូវ។ អគារមួយចំនួនហាក់ដូចជាត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។
ទោះបីជាអាជ្ញាធរមិនទាន់បានចេញផ្សាយតួលេខអ្នកស្លាប់ក៏ដោយ ក៏នៅតែមានការភ័យខ្លាចថា មនុស្សអាចបានស្លាប់ ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់សម្អាតគំនរបាក់បែក។
យោងតាមការស្ទង់ភូមិសាស្ត្រ សហរដ្ឋអាមេរិក (USGS) ចំណុចកណ្តាល នៃរញ្ជួយដីនេះមានទីតាំង ស្ថិតនៅចម្ងាយប្រហែល ២១ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងម៉ូរ៉ុន នៅលើឆ្នេរសមុទ្រការ៉ាប៊ីន របស់ប្រទេសវេណេស៊ុយអេឡា។ ការរញ្ជួយដីនេះត្រូវបានគេដឹង នៅទូទាំងតំបន់ជាច្រើន នៃប្រទេសវេណេស៊ុយអេឡា ក៏ដូចជានៅក្នុងប្រទេសកូឡុំប៊ី ដែលនៅជិតខាងផងដែរ។
ប្រែសម្រួលៈ ណៃ តុលា









