វេណេស៊ុយអេឡា ចាត់វិធានការសំខាន់ៗ សម្រាប់ការជួយ សង្គ្រោះ និងការកសាងឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដី
ការ៉ាកាស៖ ប្រធានាធិបតីស្តីទី នៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានដាក់ចេញនូវវិធានការសំខាន់ៗ ចំនួនបីសម្រាប់កិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះ និងកសាងឡើងវិញ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏សាហាវ ពីរលើកបានវាយប្រហារតំបន់ភាគខាងជើងរបស់ប្រទេសកាលពីថ្ងៃពុធ។

ប្រធានាធិបតីស្តីទីរូបនេះ បានបញ្ជាឱ្យប្រមូលឧបករណ៍សម្អាតកំទេចកំទីពីក្រុមហ៊ុនឯកជន បង្កើតមូលនិធិជំនួយចំនួន ២០០លានដុល្លារអាមេរិក និងផ្តល់ឥណទានពិសេសដល់ម្ចាស់អាជីវកម្ម ដែលរងផលប៉ះពាល់ ជាវិធានការសំខាន់ៗក្នុងការឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា ដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស នេះបើយោងតាមប្រធានរដ្ឋសភា លោក Jorge Rodriguez។
ទន្ទឹមនឹងនេះ ប្រទេសនេះកំពុងចាត់វិធានការចាំបាច់ ដើម្បីសម្របសម្រួលជំនួយអន្តរជាតិ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេស លោក Yvan Gil បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ យ៉ាងហោចណាស់មានប្រទេសចំនួន ១២មកពីតំបន់នេះ និងតំបន់ផ្សេងទៀតនៃពិភពលោកបានសម្តែងសាមគ្គីភាព និងផ្តល់ជំនួយ។
ប្រទេសវេណេស៊ុយអេឡា ត្រូវបានវាយប្រហារកាលពីថ្ងៃពុធ ដោយការរញ្ជួយដីពីរលើកជាប់ៗគ្នា ដែលមានទំហំ ៧.២ និង ៧.៥រ៉ិចទ័រ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅក្នុងរដ្ឋ La Guaira និងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់ទីប្រជុំជនការ៉ាកាស។
រហូតមកដល់ពេលនេះ ការរញ្ជួយដីបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៣៥នាក់ និងរបួសមនុស្សជាង ១៥២០នាក់ នេះបើយោងតាមតួលេខផ្លូវការ៕
