ព័ត៌មានអន្តរជាតិ

ជប៉ុន បញ្ជាឱ្យជម្លៀសប្រជាជន ជាង២លាននាក់ មុនពេលព្យុះមេខាឡា មកដល់ ចំណែកជើងហោះហើរជាង២០០ ត្រូវបានផ្អាក

បរទេស៖ ប្រទេសជប៉ុនបានជម្លៀសមនុស្សជាង ២ លាននាក់ និងបានចេញការព្រមានអំពីទឹកជំនន់ និងការបាក់ដី ខណៈដែលព្យុះទីហ្វុងមេខាឡា បានខិតជិតមកដល់នៅថ្ងៃសុក្រ ខណៈដែលភ្លៀងធ្លាក់ខ្លាំងកើតពីព្យុះនៅពេលវាឆ្លងកាត់កោះតៃវ៉ាន់ជិតខាង បានបិទផ្នែកខ្លះនៃកោះនេះ ដោយធ្វើឱ្យមនុស្សប្រហែល ៦ លាននាក់ត្រូវឈប់សម្រាកពីការងារ ឬសាលារៀន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ថា ព្យុះមេខាឡា ដែលបច្ចុប្បន្នជាព្យុះត្រូពិច កំពុងខិតជិតកោះ Ryukyu ភាគខាងត្បូងប្រទេសជប៉ុន បន្ទាប់ពីបានបោកបក់កាត់កោះតៃវ៉ាន់ ជាកន្លែងដែលព្យុះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងដល់ផ្នែកខ្លះនៃកោះនេះ ជាពិសេសតំបន់ភាគខាងត្បូងនៃទីក្រុងកៅសៀង តៃណាន និងពីងទុង។

ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង ក៏បានវាយប្រហារតំបន់ភាគខាងត្បូង និងខាងលិចប្រទេសជប៉ុនផងដែរ ជាកន្លែងដែលអាជ្ញាធរបានព្រមានអំពីការបាក់ដី ទឹកជំនន់ និងទន្លេហើម ហើយបានបញ្ជាឱ្យមនុស្ស ២,២ លាននាក់ជម្លៀសចេញ។

ក្រសួងដែនដីបាននិយាយថា ប្រទេសជប៉ុនបានលុបចោលជើងហោះហើរជាង ២០០ ជើងរួចហើយ ហើយមានសេវាកម្មរថភ្លើងរាប់សិបត្រូវបានផ្អាក និងផ្លូវល្បឿនលឿនជាច្រើនត្រូវបានបិទ ខណៈដែលទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងតាមរដូវ ដែលត្រូវបានផ្គត់ផ្គង់ដោយខ្យល់ក្តៅ និងសើម កំពុងបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសនៅតំបន់ភាគខាងលិច។

ចំណែកក្រុមហ៊ុន Toyota គឺបានបញ្ឈប់ប្រតិបត្តិការនៅរោងចក្រមួយក្នុងតំបន់ភាគខាងត្បូងនៃកោះ Kyushu ចាប់ពីរសៀលថ្ងៃព្រហស្បតិ៍ រហូតដល់វេនទីមួយថ្ងៃសុក្រ ដោយការសម្រេចចិត្តសម្រាប់វេនទីពីរនឹងត្រូវធ្វើឡើងនៅពេលក្រោយ។
ប្រែសម្រួលៈ ណៃ តុលា

To Top