អ៊ីរ៉ង់ចេញបដិសេធ បន្ទាប់ពីមានគំនិតយកទ្រព្យសម្បត្តិ របស់អ៊ីរ៉ង់ ដែលដកចេញពីបង្កក ទៅទិញផលិតផលកសិកម្ម របស់អាមេរិក
បរទេស ៖ លោក Mohammad Bagher Ghalibaf ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ បានបដិសេធរបាយការណ៍ដែលថា ទ្រព្យសម្បត្តិ ដែលដកចេញពីការបង្កករបស់ប្រទេសអ៊ីរ៉ង់ ហើយដែលនឹងត្រូវបានប្រើប្រាស់ដើម្បីទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិក។ ការកត់សម្គាល់របស់លោក Mohammad Bagher Ghalibaf បានបន្ថែមទៅលើការបកស្រាយផ្ទុយគ្នា នៃកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែមិថុនា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ថា លោក Ghalibaf បានសរសេរនៅលើ X កាលពីថ្ងៃព្រហស្បតិ៍ថា “អាមេរិកអះអាងមិនពិតថា ទ្រព្យសម្បត្តិដែលដកចេញពីការបង្កករបស់យើង នឹងយកទៅទិញកសិកម្មរបស់ពួកគេ។ គួរឱ្យចាប់អារម្មណ៍។ ដំណាំតែមួយគត់ដែលយើងកំពុងប្រមូលផល គឺអ្វីដែលអ្នកបានដាំ៖ ការមិនទុកចិត្តអស់ជាច្រើនទសវត្សរ៍។ វាជាផលិតផលសរីរាង្គ មានច្រើនក្រៃលែង និងដាំដុះក្នុងស្រុក”។
លោកបានបន្ថែមថា “ប៉ុន្តែជាក់ស្តែង សហរដ្ឋអាមេរិកនាំចេញតែសណ្តែកសៀង GMO ការសន្យាមិនបានសម្រេច និងការចរចារឥតប្រយោជន៍”។
ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយ សហរដ្ឋអាមេរិកបានយល់ព្រមថា ទ្រព្យសម្បត្តិមួយចំនួនដែលមិនបានបញ្ជាក់ ដែលត្រូវបានបង្កកក្រោមទណ្ឌកម្ម គឺនឹងត្រូវបាន “ធ្វើឱ្យអាចប្រើប្រាស់បានពេញលេញ” ដោយអ៊ីរ៉ង់ នៅពេលអនុវត្តកិច្ចព្រមព្រៀង។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ប្រាក់មួយចំនួននឹងត្រូវចំណាយលើការទិញស្រូវសាលី សណ្តែកសៀង និងពោតរបស់អាមេរិក។ លោកបានធ្វើសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីសម្ព័ន្ធមិត្តមួយចំនួនរបស់លោកបានរិះគន់អនុស្សរណៈនេះថា ដើម្បីបំពេញចិត្តអ៊ីរ៉ង់៕
ប្រែសម្រួលៈ ណៃ តុលា
