ក្រុមហ៊ុនផលិត រថយន្តដ៏ធំរបស់អាល្លឺម៉ង់ មួយសម្រេចកាត់បន្ថយបុគ្គលិក ដល់ទៅ១០ម៉ឺននាក់
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមហ៊ុន Volkswagen កំពុងពិចារណាបិទរោងចក្រអាល្លឺម៉ង់ ចំនួន៤កន្លែងនិងកាត់បន្ថយការងារ រហូតទៅដល់១០ម៉ឺននាក់ ។
ការសម្រេចចិត្តនេះធ្វើឡើង នៅចំពេលមានការកើនឡើង នៃថ្លៃថាមពល និងការប្រកួតប្រជែងពីប្រទេសចិន ប្រាក់ចំណេញរបស់ក្រុមហ៊ុន បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។
ប្រភពដដែលបានសរសេរទៀតថា ប្រសិនបើការកាត់បន្ថយដំណើរការទៅមុខ ក្រុមហ៊ុន Volkswagen នឹងបិទរោងចក្រនៅ Hanover, Zwickau និង Emden ក៏ដូចជារោងចក្រ Audi នៅ Neckarsulm ។
ការបិទទាំងនេះនឹងបណ្តាល ឱ្យបាត់បង់ការងារ ចំនួន៤៥០០០នាក់ លើសពីការបញ្ឈប់ការងារចំនួន ៥០០០០នាក់ ដែលបានព្រមព្រៀងជាមួយ សហជីពក្នុងឆ្នាំ ២០២៤។
នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen នឹងពិភាក្សាអំពីការកាត់បន្ថយ នៅក្នុងកិច្ចប្រជុំមួយនៅខែក្រោយ។ យោងតាមរបាយការណ៍ដាច់ដោយឡែក មួយដោយអ្នកគ្រប់គ្រង ក្រុមហ៊ុនក៏កំពុងថ្លឹងថ្លែងផងដែរ នូវការកាត់បន្ថយការវិនិយោគ ១៥ភាគរយក្នុងរយៈពេល៥ឆ្នាំខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី









