រុស្សីនិងអ៊ុយក្រែន ឈានទៅដល់ការដោះដូរ អ្នកទោស១៦០នាក់ បន្ថែមទៀត
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានប្រកាសថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើការដោះដូរអ្នកទោស សង្គ្រាមមួយផ្សេងទៀត ដោយមានទាហានចំនួន១៦០ នាក់បានត្រឡប់ទៅភាគីនីមួយៗវិញ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ក្រសួងបាននិយាយថា ៖ទាហានរុស្ស៊ីចំនួន១៦០នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញ ពីទឹកដីដែលគ្រប់គ្រង ដោយរបបទីក្រុងគៀវ ។ ជាថ្នូរនឹងគ្នា អ្នកទោសសង្គ្រាម របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ១៦០នាក់ ត្រូវបានដោះលែងដូចគ្នាដែរ។
ក្រសួងបាននិយាយដែរថា ទាហានរុស្សី ដែលបានបញ្ជូនមកវិញបច្ចុប្បន្នកំពុង ស្ថិតនៅក្នុងប្រទេសបេឡារុស ជាកន្លែងដែលពួកគេកំពុងទទួលបានជំនួយផ្នែកចិត្តសាស្រ្ត និងវេជ្ជសាស្ត្រ។ ស្នងការសិទ្ធិមនុស្សរុស្ស៊ី លោកYana Lantratova កំពុងធ្វើការជាមួយទាហាន ដែលត្រូវបានដោះលែងទាំងនោះ។
ក្រោយមកទាហានទាំងនោះនឹងត្រូវបញ្ជូនទៅកាន់ប្រទេសរុស្សី ដើម្បីធ្វើការព្យាបាល និងស្តារនីតិសម្បទាបន្ថែមទៀត។
ក្រសួងការពារជាតិ បាននិយាយទៀតថា ការផ្លាស់ប្តូរអ្នកទោស រវាងគ្នាលើកនេះ ត្រូវបានធ្វើឡើង ជាមួយនឹងការសម្រុះសម្រួល ពីប្រទេសអារ៉ាប់រួម៕
ប្រែសម្រួល៖ស៊ុនលី
