ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យសហរដ្ឋអាមេរិក​ បញ្ឈប់ការបិទផ្លូវ និងការបង្ខិតបង្ខំប្រឆាំង នឹងប្រទេសគុយបា

ប៉េកាំង៖​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសចិន​ ជំរុញឱ្យសហរដ្ឋអាមេរិក​ បញ្ឈប់ជាបន្ទាន់នូវការបិទផ្លូវ និងការបង្ខិតបង្ខំ និងសម្ពាធគ្រប់ទម្រង់ប្រឆាំងនឹងប្រទេសគុយបា ដែលរំលោភលើសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍរបស់ប្រជាជនគុយបា។

លោកបានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើសេចក្តីប្រកាស របស់ក្រសួងការបរទេស សហរដ្ឋអាមេរិកនៅថ្ងៃទី២៣​ ខែមិថុនាថា ខ្លួនកំពុងដាក់ទណ្ឌកម្មលើអង្គភាពចំនួន​ ៥​ និងបុគ្គលម្នាក់ ចំពោះការរកប្រាក់ចំណូលសម្រាប់រដ្ឋាភិបាលគុយបា។

លោកបានលេីកឡេីងថា ប្រទេសចិនប្រឆាំងនឹងទណ្ឌកម្មឯកតោភាគីខុសច្បាប់ ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ។

លោកបានបន្ថែមថា “យើងគាំទ្រយ៉ាងមុតមាំចំពោះប្រទេសគុយបា​ ក្នុងការស្វែងយល់ពីមាគ៌ាអភិវឌ្ឍន៍សង្គមនិយម​ ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយគាំទ្រយ៉ាងរឹងមាំ​ចំពោះប្រទេសគុយបា​ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ”៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top