អ៊ីរ៉ង់ពិភាក្សាជាមួយ នៃដៃគូបរទេសអំពីបញ្ហា MOU របស់ខ្លួនជាមួយនឹងក្រុងវ៉ាស៊ិនតោន
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រជាមួយសមភាគីនៃប្រទេសអ៊ូសបេគីស្ថាន កូរ៉េខាងត្បូង រូម៉ានី អង់គ្លេស និងប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខានាពេលថ្មីៗនេះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
លោក Araghchi បានពន្យល់សមភាគីរបស់គាត់អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹងការអនុវត្ត MoU រួមទាំងដំណើរការនៃការចរចារវាងទីក្រុងតេហរ៉ង់និងក្រុងវ៉ាស៊ិនតោនឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ និងការពិគ្រោះយោបល់ដែលបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍បាននិយាយថា រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថាន Bakhtiyor Saidov និងរដ្ឋមន្ត្រីការបរទេសរ៉ូម៉ានី Oana-Silvia Toiu បានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងការទូតដែលកំពុងបន្ត ដើម្បីកាត់បន្ថយភាពតានតឹងនៅអាស៊ីខាងលិច ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការបន្តដំណើរការ និងការបំពេញកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ។
យោងតាមក្រសួងបានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស កូរ៉េខាងត្បូង លោក Cho Hyun បានសម្តែងការគាំទ្រ របស់ប្រទេសលោកចំពោះកិច្ចខិតខំប្រឹងប្រែងការទូត សំដៅធានាសន្តិភាព និងស្ថិរភាព និងសន្តិសុខដឹកជញ្ជូននៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា លោក Araghchi និងសមភាគីរបស់គាត់ ក៏បានអំពាវនាវ ឱ្យបន្តការពិគ្រោះយោបល់ការទូត និងនយោបាយ ដើម្បីធានាស្ថិរភាពក្នុងតំបន់យូរអង្វែង និងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី៕
ប្រែសម្រួល៖ស៊ុនលី









