ព័ត៌មានអន្តរជាតិ

ប៉ូឡូញមើលឃើញកំណត់ត្រា អាកាសធាតុក្តៅអាក្រក់បំផុត កាលពីចុងសប្តាហ៍

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសប៉ូឡូញបានកត់ត្រា សីតុណ្ហភាពខ្ពស់បំផុត មិនធ្លាប់មានរបស់ខ្លួន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកនេះ ដោយលើសពីកំណត់ត្រាជាតិ ដែលមានរយៈពេលជាងមួយសតវត្ស បើទោះបីជាគេនៅតែរង់ចាំការបញ្ជាក់ជាផ្លូវការក៏ដោយ។

យោងតាម​វិទ្យាស្ថាន​ឧតុនិយម និង​គ្រប់គ្រង​ទឹក​របស់​ប្រទេស (IMGW) ដោយអ្នកនាំពាក្យលោក Agnieszka Prasek បាននិយាយថា សីតុណ្ហភាពបានឡើងដល់៤០,៥ អង្សាសេនៅក្នុងទីក្រុង Slubice ភាគខាងលិច និង៤០,៣ អង្សាសេក្នុងទីក្រុង Torun កាលពីថ្ងៃអាទិត្យ អំឡុងពេលមានរលកកំដៅខ្លាំង បានបោកបក់ពាសពេញទ្វីបអឺរ៉ុបកណ្តាល។

កំណត់ត្រារបស់ប្រទេសប៉ូឡូញកាលពីមុនគឺ៤០,២អង្សាសេត្រូវបានកំណត់នៅទីក្រុង Proszkow ភាគខាងត្បូងប្រទេសប៉ូឡូញនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ១៩២១មកម្ល៉េះ ។

លោក Prasek បាននិយាយថា តួលេខចុងក្រោយ គឺផ្អែកលើតេឡេម៉ែត្រ និងទិន្នន័យប្រតិបត្តិការរៀងរាល់ម៉ោង ខណៈដែលស្ថានីយអាកាសធាតុផ្លូវការ កត់ត្រាសីតុណ្ហភាពនៅពេលវេលាសង្កេត ដែលបានកំណត់ ប៉ុន្តែវិទ្យាស្ថាននៅតែបន្តធ្វើការផ្ទៀងផ្ទាត់ទិន្នន័យនៅឡើយ។

គួរឲ្យដឹងដែរតួលេខបំបែក កំណត់ត្រាបានកើតឡើងនៅពេលដែល IMGW បានប្រកាសព្រមានអំពី កំដៅកម្រិតខ្ពស់បំផុត របស់ខ្លួនសម្រាប់ផ្នែកធំ ៗ នៃប្រទេស ដោយព្យាករណ៍ថាសីតុណ្ហភាពឡើងដល់ ៤២អង្សាសេនៅក្នុងតំបន់មួយចំនួននាពេលខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top