សំឡេងផ្ទុះលាន់លឺពេញតំបន់ បន្ទាប់ពីកងទ័ពអ៊ីស្រាអែល បំផ្ទុះផ្លូវរូងក្រោមដីនៅភាគខាងត្បូង ប្រទេសលីបង់
បេរូត៖ កងទ័ពអ៊ីស្រាអែល បានបំផ្ទុះផ្លូវរូងក្រោមដីមួយនៅក្នុងទីក្រុង Majdal Zoun ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ដោយសំឡេង ផ្ទុះបានឮពាសពេញតំបន់ជាច្រើន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋលីបង់ ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Israel Katz ផ្លូវរូងក្រោមដីដែលត្រូវបានបំផ្លាញនៅយប់ថ្ងៃអាទិត្យ មានប្រវែងជាង ២០០ម៉ែត្រ និងជម្រៅជាង ២៥ម៉ែត្រ ហើយមានផ្ទុកអាវុធ រាប់រយ និងបំពង់បាញ់ជាច្រើន ដែលត្រូវបានចោទ ប្រកាន់ថាមានបំណងវាយប្រហារទឹកដីអ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍នេះបានកត់សម្គាល់ថា អ៊ីស្រាអែល បានជូនដំណឹងដល់សហរដ្ឋអាមេរិកជាមុនអំពីការបំផ្លាញនេះ។
សេចក្តីថ្លែងការណ៍នោះបានឧ្យដឹងថា “ទាហានយោធាអ៊ីស្រាអែល នឹងនៅតែស្ថិតនៅក្នុងតំបន់សន្តិសុខ នៅភាគខាងត្បូងប្រទេសលីបង់ ហើយនឹង បន្តបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម លុបបំបាត់ការគំរាមកំហែង ពីសហគមន៍អ៊ីស្រាអែលភាគខាងជើង និងរក្សាសន្តិសុខ របស់ពលរដ្ឋអ៊ីស្រាអែល”។
មុនពេលមានការផ្ទុះនេះ យោធាអ៊ីស្រាអែលបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាននៅភាគខាងជើងអ៊ីស្រាអែលថា ការផ្ទុះដ៏ខ្លាំងក្លាមួយត្រូវបានគេរំពឹងថា នឹងកើតឡើង ដែលអាចបង្កឱ្យមាន ប្រព័ន្ធព្រមានរញ្ជួយដី។
បន្ទាប់ពីការផ្ទុះនេះ ក្រសួងថាមពល និងហេដ្ឋារចនាសម្ព័ន្ធអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធព្រមានបានរកឃើញព្រឹត្តិការណ៍រញ្ជួយដី មួយនៅភាគខាងត្បូងប្រទេសលីបង់ ដោយសារតែការផ្ទុះ ដែលគ្រប់គ្រងបាន ៕
ប្រែសម្រួល ឈូក បូរ៉ា









