មនុស្សរាប់ពាន់នាក់ ចូលរួមការដង្ហែក្បួនតវ៉ាប្រឆាំង នឹងអំពើពុករលួយ នៅក្នុងរដ្ឋធានីហ្វីលីពីន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមបាតុករប្រហែល៣៥០០ នាក់បានដើរដង្ហែរក្បួន នៅក្នុងរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យមានការទទួលខុសត្រូវ ចំពោះការចោទប្រកាន់ពីបទពុករលួយ នៅក្នុងគម្រោងរបស់រដ្ឋាភិបាល ជាពិសេសកិច្ចសន្យាគ្រប់គ្រងទឹកជំនន់របស់ជាតិ។
បាតុកម្មនេះបានទាក់ទាញសមាជិក អង្គការជឿនលឿន និងក្រុមសង្គមស៊ីវិលក្នុងចំណោមអ្នកដទៃជាច្រើនផ្សេងទៀត។ អ្នករៀបចំបាននិយាយថា យុទ្ធនាការស្វែងរកកំណែទម្រង់ការបោះឆ្នោត អភិបាលកិច្ចប្រកបដោយតម្លាភាព គណនេយ្យភាពកាន់តែច្រើន និងសកម្មភាពប្រឆាំងនឹងអំពើពុករលួយ និងក្រុមបក្សនយោបាយ។
ការិយាល័យទទួលបន្ទុកកិច្ចការងារនគរបាលជាតិ រាជធានីបាននិយាយមុននេះថា កម្លាំងជិត ១ ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីការពារព្រឹត្តិការណ៍នេះ។
គួរឲ្យដឹងដែរថាការតវ៉ានេះបានកើតឡើង ជិតមួយឆ្នាំបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos បានបញ្ជាឱ្យពិនិត្យឡើងវិញនូវគម្រោងគ្រប់គ្រងទឹកជំនន់ ។
កាលពីនៅឆមាសទីពីរនៃឆ្នាំមុន រឿងអាស្រូវពុករលួយទ្រង់ទ្រាយធំ ដែលពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងទឹកជំនន់បានផ្ទុះឡើង ដែលបង្កឱ្យមានការតវ៉ាប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំនៅទូទាំងប្រទេសម្តងរួចមកហើយ៕
ប្រែសម្រួល៖ស៊ុនលី









