ចិន ជំរុញឱ្យជប៉ុនដោះស្រាយ បញ្ហាប្រវត្តិសាស្ត្រ ឱ្យបានត្រឹមត្រូវ
ហ្សឺណែវ៖ បេសកជនចិនម្នាក់បានជំរុញឱ្យជប៉ុនដោះស្រាយបញ្ហាប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់ ដោយថា ការជ្រើសរើសដោយបង្ខំនៃ “ស្ត្រីលួងលោម” ឬហៅថា ទាសករផ្លូវភេទសម័យសង្គ្រាម គឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិដែលប្រព្រឹត្តដោយយោធានិយមជប៉ុនប្រឆាំងនឹងស្ត្រី។
លោកស្រី Li Xiaomei អនុប្រធានគណៈប្រតិភូចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការកត់សម្គាល់ថ្មីៗនេះក្នុងអំឡុងពេលពិភាក្សាប្រចាំឆ្នាំស្តីពីសិទ្ធិស្ត្រីនៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
លោកស្រីបានកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី៨០ នៃការបើកសវនាការនៅទីក្រុងតូក្យូ ហើយបានជំរុញឱ្យជប៉ុនឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ខ្លួន និងដោះស្រាយបញ្ហាប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់។
ថ្លែងអំពីសិទ្ធិស្ត្រី លោកស្រីបានកត់សម្គាល់ថា ថ្ងៃទី២៤ ខែមិថុនា គឺជាទិវាអន្តរជាតិនៃអ្នកការទូតស្ត្រី ដែលទទួលស្គាល់ការចូលរួមចំណែករបស់ស្ត្រីក្នុងការទូត។
លោកស្រីបានបន្ដថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ និងបង្ក្រាបយ៉ាងខ្លាំងក្លាលើអំពើហិង្សាគ្រប់ទម្រង់ប្រឆាំងនឹងស្ត្រី ហើយបានបង្កើតប្រព័ន្ធច្បាប់ និងការត្រួតពិនិត្យដ៏ទូលំទូលាយមួយ ដើម្បីលុបបំបាត់អំពើហិង្សាបែបនេះ។
លោកស្រីបានកត់សម្គាល់ថា ថ្មីៗនេះ ប្រទេសចិនបានចេញផ្សាយផែនការសកម្មភាពសិទ្ធិមនុស្សជាតិ (២០២៦-២០៣០) ដែលមានគោលបំណងកែលម្អប្រព័ន្ធការពារសម្រាប់ស្ត្រី និងក្មេងស្រីជាបន្តបន្ទាប់ និងចាក់បញ្ចូលស្ថិរភាព និងថាមពលវិជ្ជមានកាន់តែច្រើនទៅក្នុងបុព្វហេតុសកលរបស់ស្ត្រី និងកុមារ៕
ប្រែសម្រួល ឈូក បូរ៉ា
