ព័ត៌មានអន្តរជាតិ

រថយន្តអគ្គិសនី របស់ក្រុមហ៊ុនស៊ុយអែត Polestar ត្រូវបានហាមឃាត់ មិនឱ្យលក់នៅសហរដ្ឋអាមេរិក ដោយសារតែមានទំនាក់ទំនង ជាមួយប្រទេសចិន

បរទេស៖ រដ្ឋបាលលោក Trump កំពុងហាមឃាត់ក្រុមហ៊ុន Polestar របស់ស៊ុយអែតមិនឱ្យលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំក្រោយ ដោយសារតែទំនាក់ទំនងជាមួយប្រទេសចិន។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ថា ព័ត៌មាននេះត្រូវបានរាយការណ៍ដោយគេហទំព័របច្ចេកវិទ្យា Cnet នៅថ្ងៃទី ២៧ ខែមិថុនា ។ យោងតាមរបាយការណ៍ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក) នឹងមិនផ្តល់ការអនុញ្ញាត ឱ្យក្រុមហ៊ុន Polestar លក់ម៉ូដែលថ្មីចាប់ពីឆ្នាំ ២០២៧ ទេ ដោយសារតែការព្រួយបារម្ភ អំពីបច្ចេកវិទ្យាភ្ជាប់ដែលផលិតនៅក្នុងប្រទេសចិន។

បញ្ហាស្នូលគឺថា Polestar ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Volvo ដែលត្រូវបានទិញដោយក្រុមហ៊ុនចិន Geely ពីក្រុមហ៊ុន Ford ក្នុងឆ្នាំ ២០១០។

បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក Polestar បានប្រកាសដកខ្លួនចេញពីទីផ្សារសហរដ្ឋអាមេរិក ដោយផ្លាស់ប្តូរផលិតកម្មទៅអឺរ៉ុប។ នៅសហរដ្ឋអាមេរិក ពួកគេនឹងបន្តលក់ស្តុក ដែលនៅសល់នៃម៉ូដែល Polestar 3 និង Polestar 4 ខណៈដែលគាំទ្រអតិថិជន តាមរយៈបណ្តាញសេវាកម្មរបស់ពួកគេ។
ប្រែសម្រួលៈ ណៃ តុលា

To Top