មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ អះអាងថាកិច្ចប្រជុំបច្ចេកទេស ជាមួយនឹងអ៊ីរ៉ង់ នឹងមិនត្រូវបានធ្វើឡើង ឡើយក្នុងសប្តាហ៍នេះ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា មន្ត្រីអ្នកការទូតជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចពិភាក្សាបច្ចេកទេស រវាងក្រុមការងារនៃប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនត្រូវបានគ្រោងទុក សម្រាប់សប្តាហ៍នេះទេ ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា មួយទៅកាន់អ្នកសារព័ត៌មាន ដោយបានច្រានចោលការរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា កិច្ចពិភាក្សាបច្ចេកទេសនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋធានី Doha ប្រទេសកាតានៅថ្ងៃអង្គារនេះ។
ទោះជាយ៉ាងណាក៏ដោយ លោក Gharibabadi ដែលដឹកនាំគណៈប្រតិភូអ៊ីរ៉ង់ក្នុងការចរចាបច្ចេកទេសបាននិយាយថា ការពិគ្រោះយោបល់កំពុងបន្តជាមួយកាតាលើបញ្ហាពាក់ព័ន្ធ រួមទាំងការបន្តការបំពេញកាតព្វកិច្ចរបស់សហរដ្ឋអាមេរិកក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ។
កាលពីថ្ងៃទី២២ ខែមិថុនា ការចរចាបច្ចេកទេស រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានចាប់ផ្តើម នៅប្រទេសស្វីស បន្ទាប់ពីការពិគ្រោះយោបល់កម្រិត ខ្ពស់រវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកាលពីថ្ងៃមុន ជាមួយនឹងការសម្រុះសម្រួលប៉ាគីស្ថាន និងកាតា។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ IRIB កាលពីថ្ងៃអាទិត្យ លោក Mehdi Fazaeli សមាជិកការិយាល័យអភិរក្ស និងការបោះពុម្ពផ្សាយស្នាដៃរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ បាននិយាយថា ការចរចាបច្ចេកទេសរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានកំណត់ពេលចាប់ផ្តើមនៅថ្ងៃតែមួយ ប៉ុន្តែត្រូវបានលុបចោលទៅវិញដោយភាគីអ៊ីរ៉ង់។
លោកបាននិយាយថា អ៊ីរ៉ង់បានធ្វើការសម្រេចចិត្តដោយសារ តែការវាយប្រហារ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសក្នុងរយៈពេលពីរយប់មុន និងការពន្យារពេលរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបំពេញលក្ខខណ្ឌមួយចំនួន របស់ទីក្រុងតេហរ៉ង់ក្រោម MoU រវាងគ្នា៕
ប្រែសម្រួល៖ស៊ុនលី
