តម្លៃប្រេងធ្លាក់ចុះ ក្នុងពេលដែលវិនិយោគិន ផ្តោតលើកិច្ចចរចា អ៊ីរ៉ង់-អាមេរិក នៅទីក្រុងដូហា
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះនៅថ្ងៃអង្គារ ដោយវិនិយោគិនកំពុង សម្លឹងមើលលទ្ធផល នៃការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅទីក្រុងដូហា ចំពេលមាន ការបាញ់មីស៊ីលចុងសប្តាហ៍ពីភាគីទាំងពីរ ដែលបានសាកល្បងបទ ឈប់បាញ់បណ្តោះអាសន្ន ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបួនខែ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent សម្រាប់ខែសីហា ដែលផុតកំណត់នៅថ្ងៃអង្គារ បានធ្លាក់ចុះ 1.03% ឬ 75 សេន នៅ 72.40 ដុល្លារក្នុងមួយបារ៉ែល ។ ប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ 0.66% ឬ 47 សេន មកនៅ 70.32 ដុល្លារក្នុងមួយបារ៉ែល។
លោក Tim Waterer ប្រធានអ្នកវិភាគ ទីផ្សារនៅ KCM Trade បាននិយាយថា “វិនិយោគិនកំពុងកំណត់ តម្លៃដោយសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមានពីកិច្ចចរចានៅទីក្រុងដូហា ទោះបីជាការធ្វើឱ្យលំហូរឆ្លងកាត់ច្រកសមុទ្រ Hormuz មានលក្ខណៈធម្មតាឡើងវិញមិនទាន់អាចមើលឃើញក៏ដោយ”។
លោក Waterer បានបន្ថែមថា “ទីផ្សារមានក្តីសង្ឃឹម ដោយប្រុងប្រយ័ត្ន ប៉ុន្តែនៅតែការពារហានិភ័យ រហូតដល់យើងឃើញ សញ្ញាជាក់ស្តែងបន្ថែមទៀតនៃការថយចុះភាពតានតឹង”។
សូមជម្រាបថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានប្រាប់ទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទថា អ្នកជំនាញអ៊ីរ៉ង់ និងអូម៉ង់នឹងចាប់ផ្តើមការពិភាក្សាស្តីពីការកំណត់ឡើងវិញ នូវផ្លូវដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយបន្ថែមថា ប្រទេសរបស់លោកនឹងព្យាយាមរារាំង នាវានៅខាងក្រៅផ្លូវដែលបានកំណត់។
ប្រែសម្រួលៈ ណៃ តុលា
