ព័ត៌មានអន្តរជាតិ

​ ចិន និងសហភាពអឺរ៉ុប​ ដាក់ឱ្យដំណើរការជាផ្លូវការ នូវយន្តការពិគ្រោះ យោបល់ពាណិជ្ជកម្ម និងវិនិយោគ

ប៉េកាំង៖ ចិន និងសហភាពអឺរ៉ុប បានបញ្ជាក់អំពីការបង្កើតជាផ្លូវការនៃយន្តការពិគ្រោះយោបល់ពាណិជ្ជកម្ម និងវិនិយោគចិន-សហភាពអឺរ៉ុប ខណៈដែលភាគីទាំងពីរបានធ្វើកិច្ចប្រជុំលើកដំបូងនៃយន្តការនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម​ ដែលចេញផ្សាយនៅថ្ងៃអង្គារ។

សេចក្តីថ្លែងការណ៍រួមបានឧ្យដឹងថា ភាគីទាំងពីរបានកំណត់លំហូរការងារដំបូងចំនួនបួននៅក្រោមយន្តការនេះ ដែលរួមមានការធ្វើតុល្យភាពពាណិជ្ជកម្ម និងវិនិយោគ ការគ្រប់គ្រងការនាំចេញ សិទ្ធិកម្មសិទ្ធិបញ្ញា និងកំណែទម្រង់ WTO។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao និងស្នងការអឺរ៉ុប​ ទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច និងទំនាក់ទំនងអន្តរស្ថាប័ន និងតម្លាភាព លោក Maros Šefčovič បានធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកដំបូងនៃយន្តការនេះកាលពីថ្ងៃចន្ទនៅទីក្រុងព្រុចសែល។

យោងតាមក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរបានធ្វើការពិភាក្សាយ៉ាងទូលំទូលាយ ស៊ីជម្រៅ និងស្ថាបនាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតយន្តការត្រួតពិនិត្យរួមគ្នា ដើម្បីផ្លាស់ប្តូរទិន្នន័យពាក់ព័ន្ធ តាមដានលំហូរពាណិជ្ជកម្ម និងគាំទ្រការងារបច្ចេកទេស ដោយមានទស្សនៈកែលម្អតម្លាភាព បង្កើនទំនុកចិត្តគ្នាទៅវិញទៅមក និងគ្រប់គ្រងការកកិតពាណិជ្ជកម្ម។

ពួកគេបានឯកភាពគ្នាថា វិធានការ និងគំនិតផ្តួចផ្តើមចូលទីផ្សារកាន់តែច្រើនអាចរួមចំណែកដល់ការធ្វើឱ្យមានតុល្យភាពនៃទំនាក់ទំនងពាណិជ្ជកម្ម។ ភាគីទាំងពីរក៏បានពិភាក្សាអំពីគំនិតផ្តួចផ្តើមពន្ធគយ ឬមិនមែនពន្ធគយដែលអាចកើតមាន​ ចំពោះបញ្ហានេះ បានផ្លាស់ប្តូរបញ្ជីបញ្ហាចូលទីផ្សារ និងបានព្រមព្រៀងគ្នាបន្តការពិគ្រោះយោបល់នៅក្នុងលំហូរការងារធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្ម និងវិនិយោគ ដោយមានទស្សនៈឆ្ពោះទៅរកវឌ្ឍនភាពលើកង្វល់ជាក់លាក់។

យោងតាមសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានកត់សម្គាល់ពីលទ្ធផលវិជ្ជមាននៃការសន្ទនាត្រួតពិនិត្យការនាំចេញរវាងចិន និងសហភាពអឺរ៉ុប​ ទាក់ទងនឹងធាតុផែនដីដ៏កម្រ និងសម្ភារៈ និងរ៉ែសំខាន់ៗផ្សេងទៀត ហើយមានបំណងពង្រឹងការសន្ទនាក្នុងវិស័យនេះ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top