អង់គ្លេសត្រៀម វិនិយោគបន្ថែម២០ពាន់លានដុល្លារ ក្នុងផែនការអភិវឌ្ឍ វិស័យការពារជាតិថ្មី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃអង្គារ បានបង្ហាញផែនការវិនិយោគ លើវិស័យការពារជាតិ ថ្មីដែលបានពន្យារពេលជាយូរមកហើយ។

ក្នុងនោះលោកបានប្រកាសបន្ថែម១៥ពាន់លានផោនឬប្រហែលជា២០ ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ ដែលនឹងនាំការចំណាយ លើវិស័យការពារជាតិ សរុបរបស់ប្រទេសក្នុងរយៈពេល៤ឆ្នាំខាងមុខ ពោលគឺឡើងទៅដល់ ជិត៣០០ពាន់លានផោន។
លើសពីនេះ លោក Starmer បាននិយាយថា រដ្ឋាភិបាលនឹងបង្កើនការចំណាយលើវិស័យការពារជាតិពី ២,៣ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ដល់២,៧ភាគរយនៅឆ្នាំ២០២៩ដោយដាក់ប្រទេសអង់គ្លេសនៅលើផ្លូវដើម្បីឈានដល់៣ភាគរយក្នុងអំឡុងពេលសភាបន្ទាប់។
កន្លងមមករដ្ឋាភិបាលបានយក ការសម្រេចចិត្តដ៏រឹងរូសមួយដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិ។ ជាលទ្ធផលគម្រោងដើមទុន មួយចំនួន ដូចជាផ្លូវថ្នល់ និងថាមពល ដែលមានសារៈសំខាន់ ប៉ុន្តែមិនមានសារៈសំខាន់ ភ្លាមៗនោះ នឹងមិនដំណើរការដូចការគ្រោងទុកទៀតទេ។
គួរឲ្យដឹងដែរថាផែនការនេះក៏រួមបញ្ចូលផងដែរ នូវទឹកប្រាក់ជាង៥ពាន់លានផោន សម្រាប់យន្តហោះគ្មានមនុស្សបើក និងអាវុធស្វ័យប្រវត្តិ កន្លែងនាំចេញការពារថ្មី៥០ពាន់លានផោន និងការវិនិយោគ៨,៦ ពាន់លានផោននៅក្នុងកម្មវិធី Global Combat Air Programme ដែលជាគំនិតផ្តួចផ្តើមរួមគ្នាជាមួយអ៊ីតាលី និងជប៉ុនក្នុងការអភិវឌ្ឍន៍យន្តហោះចម្បាំង Tempestផង៕
ប្រែសម្រួល៖ស៊ុនលី
